បរទេស៖ ក្រោយមានការតវ៉ា ប្រកបដោយអំពើហិង្សា អស់រយៈពេលជាច្រើនសប្ដាហ៍មក នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Adil Abdul-Mahdi តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃសុក្រ ម្សិលមិញនេះថា លោកនឹងដាក់ពាក្យ សុំលាឈប់ពីតំណែង ទៅរដ្ឋសភាអ៊ីរ៉ាក់។
មានមនុស្សតិចបំផុត៤០នាក់ បានស្លាប់បាត់បង់ជីវិតទាំងយប់ នៅក្នុងការតវ៉ា បណ្ដាលឲ្យមានចំនួនអ្នកស្លាប់ សរុបកើនឡើងដល់៣២០នាក់ នៅទូទាំងប្រទេសអ៊ីរ៉ាក់។ បាតុកម្មបានចាប់ផ្តើមកើតមាន នៅក្នុងទីក្រុងបាដាដ នាថ្ងៃទី០១ ខែតុលា ហើយបានរីកសាយទូទាំងប្រទេស ជុំវិញរឿងការងារ សេវាកម្មមូលដ្ឋាន និងភាពពុករលួយរបស់រដ្ឋាភិបាល។
គួរបញ្ជាក់ថា លោក Abdul-Mahdi ដែលដើមឡើយ បាននិយាយថា លោកនឹងលាឈប់ពីតំណែង នៅក្នុងខែតុលានោះ បានប្រឈមមុខនឹងសម្ពាធកើនឡើង បន្ទាប់បព្វជិតដ៏មានឥទ្ធិពលអ៊ីរ៉ាក់ លោក Ayatollah Alial-Sistani បានអំពាវនាវឲ្យរដ្ឋសភា ឈប់គាំទ្រដល់លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ និងរដ្ឋបាលរបស់លោក៕ ប្រែសម្រួល៖ប៉ាង កុង