ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលវៀតណាម ៖ កងទ័ពត្រូវតែត្រៀមជានិច្ច ដើម្បីធានាសុវត្ថិភាព សកម្មភាពសេដ្ឋកិច្ច លើសមុទ្ររបស់ប្រទេស និងការពារអធិបតេយ្យភាព

ហាណូយ៖ អគ្គលេខាធិការបក្ស និងជាប្រធានាធិបតីវៀតណាម លោកង្វៀន ពូទ្រុង បាននិយាយថា កងទ័ពត្រូវតែត្រៀមជានិច្ច ដើម្បីធានាសុវត្ថិភាព នៃសកម្មភាពសេដ្ឋកិច្ច ដែលមានមូលដ្ឋានលើ សមុទ្ររបស់ប្រទេស និងការពារអធិបតេយ្យភាព។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា លោកង្វៀន ពូទ្រុង បានដាក់បទបញ្ជាទៅគណៈកម្មាធិការយោធាកណ្តាល ខណៈដែលគណៈកម្មការបានបើកកិច្ចប្រជុំ នៅទីក្រុងហាណូយកាលពីថ្ងៃអាទិត្យ ដើម្បីពិនិត្យមើលការអនុវត្តការងារយោធា និងការពារជាតិ នៅឆ្នាំ ២០១៩ និងពិភាក្សាអំពីភារកិច្ចសម្រាប់ឆ្នាំក្រោយ។

មន្រ្តីនៅក្នុងកិច្ចប្រជុំនេះរួមមានលោកនាយករដ្ឋមន្រ្តី ង្វៀន ស៊ុនហ្វុក សមាជិកក្រុមប្រឹក្សាភិបាលនៃគណៈកម្មការនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិឧត្តមសេនីយ៍ ងូ សុនលីក និងមន្រ្តីជាន់ខ្ពស់ជាច្រើនទៀត។

អ្នកចូលរួមបានចែករំលែកទស្សនៈថាទោះបីស្ថានភាពក្នុងតំបន់និងពិភពលោកមានភាពស្មុគស្មាញក្នុងឆ្នាំ ២០១៩ ក៏ដោយ ក៏គណៈកម្មាធិការយោធាមជ្ឈិមក្រសួងការពារជាតិ និងកម្មាភិបាលគ្រប់លំដាប់ថ្នាក់ បានឯកភាពគ្នាតាមដានសភាពការណ៍និងតាមដានស្មារតីទទួលខុសត្រូវរបស់ខ្លួនក្នុងការដឹកនាំកងទ័ពទាំងមូលឱ្យបំពេញ រាល់ភារកិច្ចដែលបានចាត់តាំងបង្កើតការកែលម្អយ៉ាងខ្លាំងក្នុងការងារការពារជាតិនិងយោធា។

នៅផ្នែកការទូតការពារជាតិត្រូវបានលើកកំពស់ និងទទួលបាន លទ្ធផលជាក់ស្តែង។ ក្រុមមន្រ្តីបាននិយាយថា កងទ័ពទាំងមូលមានសាមគ្គីភាព និងខ្ជាប់ខ្ជួនដោយមានជំនឿ ទុកចិត្តទាំងស្រុងលើការដឹកនាំរបស់បក្ស និងអភិបាលកិច្ចរបស់រដ្ឋ ដែលនៅជិតប្រជាជន ហើយត្រៀមខ្លួនទទួលយកនិងបំពេញរាល់ភារកិច្ច៕

ប្រែសម្រួលៈ ណៃ តុលា

To Top