ព័ត៌មានអន្តរជាតិ

មហន្តរាយភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យមនុស្សស្លាប់ ១៣២នាក់ នៅកេនយ៉ា

ណៃរ៉ូប៊ី៖ រដ្ឋាភិបាលកេនយ៉ា នៅថ្ងៃអង្គារនេះបានបញ្ជាក់ថា មនុស្សចំនួន ១៣២ នាក់បានបាត់បង់ជីវិត ដោយសារតែគ្រោះមហន្តរាយ ដែលបង្កឡើងដោយ ភ្លៀងខ្លាំងចាប់តាំងពីខែតុលា។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Cyrus Oguna អ្នកនាំពាក្យរដ្ឋាភិបាល ជាមួយនឹងក្រសួងព័ត៌មានគមនាគមន៍ និងបច្ចេកវិទ្យាបានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងណៃរ៉ូប៊ីថា ទឹកជំនន់និងការបាក់ដី បានប៉ះពាល់ដល់ តំបន់ចំនួន ៣២ នៅទូទាំងប្រទេស ដែលបណ្តាលឱ្យមនុស្សប្រមាណ ១៧.០០០ នាក់ត្រូវបានផ្លាស់ទីលំនៅ។

លោក Oguna បានបន្តថា « សម្រាប់រយៈពេល ៣ ខែនេះ កេនយ៉ានៅតែបន្តទទួលរងនូវភ្លៀងធ្លាក់ខ្លាំងដែលមិនធ្លាប់មានពីមុនមក ដែលបានបង្កឱ្យមានទឹកជំនន់ ការរអិលបាក់ដី និងគ្រោះមហន្តរាយផ្សេងៗទៀតដែលទាក់ទងនឹងអាកាសធាតុអាក្រក់»។

លោកបានកត់សម្គាល់ថា ស្ថានភាពមនុស្សធម៌នៅតែមានសភាពធ្ងន់ធ្ងរ ខណៈចំនួនមនុស្សដែលមិនទាន់បាន កំណត់ថាស្លាប់ ឬរស់ និងនៅតែត្រូវបានកាត់ផ្តាច់ដោយសារទឹកជំនន់។

លោកបានសង្កេតឃើញថា សត្វពាហនៈជាង ១១,០០០ ក្បាល ក៏បានហូរទៅតាមទឹកផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top