បរទេស: នៅថ្ងៃអង្គារទី៣ ខែធ្នូនេះ ប្រទេសជប៉ុនបានប្រកាសថា ខ្លួនបានយល់ព្រមទិញកោះមួយ ដែលគ្មានមនុស្សរស់នៅ និងមានទីតាំងស្ថិតទៅនឹងឆ្នេរសមុទ្រ ភាគនិរតីរបស់ខ្លួន ក្នុងតម្លៃប្រមាណជា១៤៦លានដុល្លារ ដែលត្រូវបានគេមើលឃើញ ទំនងជានឹងប្រើវាសម្រាប់ប្រតិបត្តិការ សមយុទ្ធយោធារបស់សហរដ្ឋអាមេរិក នាពេលខាងមុខ។
រំលឹកដែរថា កិច្ចព្រមព្រៀងគ្នាមួយ ដែលធ្វើឡើង ដោយរដ្ឋាភិបាលក្រុងតូក្យូ និងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន កាលពីឆ្នាំ២០១១ ភាគីទាំងពីរ នឹងធ្វើការរំកិលទីតាំង សម្រាប់ធ្វើសមយុទ្ធយោធា សម្រាប់កងកម្លាំងទ័ពអាកាសអាមេរិក ទៅកាន់កោះ Mageshima ដែលស្ថិតនៅចំងាយប្រមាណជា ១៩ម៉ាល ពីឆ្នេរភាគនិរតីនៃប្រទេសជប៉ុន ខណៈដែលបច្ចុប្បន្ន កងកម្លាំងទ័ពអាកាសអាមេរិក នៅបន្តធ្វើប្រតិបត្តិការនេះ នៅលើកោះIwo Jima ដែលស្ថិតនៅចំងាយ ៧៥០ម៉ាល ពីភាគខាងត្បូងតូក្យូនៅឡើយ។
កន្លងមករដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក៏បានធ្វើការស្នើសុំជារឿយៗ ទៅកាន់ប្រទេសជប៉ុន ដើម្បីសុំប្តូរទីតាំងចេញពីកោះIwo Jima ដោយលើកឡើងថា វាស្ថិតនៅឆ្ងាយពេកពីទីតាំង នៃមូលដ្ឋានទ័ពរបស់ខ្លួន ដែលស្ថិតនៅភាគខាងលិច នៃទីក្រុងIwakuni ដែលក៏ជាទីតាំង យន្តហោះចម្បាំងរបស់អាមេរិក បានប្រមូលផ្តុំគ្នានៅទីនោះ៕
ប្រែសម្រួល:ស៊ុនលី