វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថាសហរដ្ឋអាមេរិក អាចនឹងប្រើកម្លាំងយោធាប្រឆាំង នឹងប្រទេសកូរ៉េខាងជើង ប្រសិនបើចាំបាច់បន្ទាប់ពី ក្រុងព្យុងយ៉ាងបានព្រមានថា ពេលវេលាកំណត់ចុងឆ្នាំ សម្រាប់ការចរចានុយក្លេអ៊ែររបស់ ប្រទេសទាំងពីរខិត ជិតមកដល់ហើយ។
លោក ត្រាំ បានប្រកាសឡើង វិញនូវការគំរាមកំហែង នៃសកម្មភាពយោធានៅពេល ដែលការចរចាររវាង ទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង បានជាប់គាំងអំពីរបៀបដើម្បីផ្គូផ្គងជំហាននុយក្លេអ៊ែរ របស់កូរ៉េខាងជើង ជាមួយនឹងសម្បទានរបស់ សហរដ្ឋអាមេរិក។
ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ក៏បានសង្កត់ធ្ងន់លើទំនាក់ទំនង ផ្ទាល់ខ្លួនយ៉ាងជិតស្និទ្ធរបស់លោកជាមួយមេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន ផងដែរដោយលោកសង្ឃឹមថា លោកគីម នឹងគោរពតាមការប្តេជ្ញាចិត្តរបស់លោកក្នុងការរុះរើកម្មវិធីអាវុធនុយក្លេអ៊ែរ របស់ប្រទេសខ្លួន៕ ដោយ ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
								 
																						 
								 
																											 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									