ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ចេញមុខស្ដីបន្ទោសជប៉ុន ចំពោះការធ្វើខុសក្នុងពេលអតីតកាល និងជំរុញឲ្យសុំទោស ដោយស្មោះត្រង់

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃពុធ បានស្តីបន្ទោសប្រទេសជប៉ុន ចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន ប្រឆាំងនឹងជនជាតិកូរ៉េ ក្នុងអំឡុងអាណានិគម ១៩១០-៤៥ ដោយបានហៅប្រទេសនេះថា ជាប្រទេសដែលគ្មានភាពខ្មាសអៀន ដែលបន្តបដិសេធមិនសុំទោស ចំពោះការធ្វើខុសរបស់ខ្លួន។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងជើង បានចុះផ្សាយថា“ មានប្រទេស ដែលគ្មានភាពអៀនខ្មាសដូចជប៉ុន ដែលប្រឆាំងនឹងនិន្នាការនេះ។ ជប៉ុននៅតែបដិសេធ មិនទទួលស្គាល់សុំទោស និងធ្វើសំណងចំពោះឧក្រិដ្ឋកម្ម ដ៏សាហាវប្រឆាំងប្រជាជនកូរ៉េ ប្រជាជនដទៃទៀត នៃបណ្តាប្រទេសអាស៊ី និងមនុស្សជាតិ” ។

របាយការណ៍នោះបានបន្ថែមទៀតថា“ ប្រវត្តិសាស្ត្រពីអតីតកាល របស់ប្រទេសជប៉ុន គឺជាប្រវត្តិសាស្ត្រ ដែលបង្កប់ដោយឧក្រិដ្ឋកម្ម នៃការឈ្លានពាន សង្គ្រាម ការលួចប្លន់ និងការសម្លាប់រង្គាល” ។

ក្រុងព្យុងយ៉ាង តែងតែថ្កោលទោសទីក្រុងតូក្យូជាទៀងទាត់ ចំពោះកំហុសរបស់ខ្លួន កាលពីពេលកន្លងមក ប៉ុន្តែការវាយប្រហារចុងក្រោយ កើតឡើងចំពេល មានជម្លោះនយោបាយការទូត និងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ជាមួយកូរ៉េខាងត្បូង ជុំវិញសេចក្តីសម្រេចរបស់តុលាការក្រុងសេអ៊ូល ដែលបានបញ្ជាឱ្យក្រុមហ៊ុនជប៉ុន បង់ប្រាក់សំណងដល់ជនជាតិកូរ៉េ សម្រាប់ពលកម្មដោយបង្ខំ អំឡុងពេលអាណានិគមជប៉ុននៅកូរ៉េ៕ ដោយ៖ ឈូក បូរ៉ា

To Top