ប៉េកាំង: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូនេះ បានឲ្យដឹងថា ប្រទេសចិនបានព្រមានអាមេរិកថា ប្រសិនបើខ្លួននៅតែបន្ត អនុវត្តន៍ស្តង់ដារទ្វេដង ទៅលើប្រតិបត្តិការ ប្រឆាំងនឹងអំពើភេរវកម្ម ឬសូម្បីតែព្យាយាមរំលោភ លើអធិបតេយ្យភាពនិងសន្តិសុខ របស់ប្រទេសដទៃទៀតនោះ អាមេរិកនឹងបញ្ចប់ទៅ ត្រឹមតែជាការលេបផ្លែឈើ ដ៏ល្វីងមួយដូច្នេះដែរ។
អ្នកនាំពាក្យ របស់ក្រសួងការបរទសចិន លោកHua Chunying ដែលបានថ្លែងទៅកាន់ សន្និសីទកាសែតមួយថា ហាក់ដូចជាមិនយូរប៉ុន្មានទេ គិតចាប់តាំងតែពីហេតុការណ៍ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០១មក ហើយអាមេរិកមិនគួរ ឆាប់ភ្លេចភាពឈឺចាប់នេះនោះសោះ។
គួរឲ្យដឹងដែរថា សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ទើបតែបានអនុម័ត នូវអ្វីដែលគេហៅថា ច្បាប់គោលនយោបាយសិទ្ធិមនុស្ស Uyghur ឆ្នាំ២០១៩។ តំណាងសហរដ្ឋអាមេរិក លោកChris Smith បានហៅកិច្ចប្រឹងប្រែង ប្រឆាំងភេរវកម្មនិងការលុបបំបាត់ចោល របស់រដ្ឋាភិបាលចិននៅក្នុងតំបន់ស៊ីនជាំងថា ជាកំហឹងចំពោះមនសិការ នៃសមូហភាពរបស់ពិភពលោក។
លោក Hua បាននិយាយថា បញ្ហាដែលទាក់ទងនឹងខេត្តស៊ីនជាំង មិនមានអ្វីទាក់ទងទៅនឹងសិទ្ធិមនុស្ស នៃជនជាតិភាគតិច ឬសាសនានោះទេ ប៉ុន្តែវាគួរតែពាក់ព័ន្ធទៅនឹងអ្វី ដែលជាការប្រយុទ្ធប្រឆាំងនឹងការបំបែកខ្លួន និងអំពើភេរវកម្មហិង្សា ទៅវិញនោះទេ៕
ប្រែសម្រួល:ស៊ុនលី