ព័ត៌មានអន្តរជាតិ

អាមេរិកថា មនុស្សជាង ១.០០០នាក់ អាចត្រូវបានសម្លាប់ នៅក្នុងការតវ៉ាថ្មីៗនេះ នៅអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ មន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងសន្តិសុខអ៊ីរ៉ង់ ប្រហែលជាបានសម្លាប់ពលរដ្ឋជាង ១.០០០នាក់ ចាប់តាំងពីការតវ៉ាប្រឆាំង នឹងរដ្ឋាភិបាល បានផ្ទុះឡើង នៅពាក់កណ្តាលខែវិច្ឆិកា ដោយសារការដំឡើងថ្លៃសាំងភ្លាមៗ មិនអាចទទួលយកបាន ដោយហៅថា ជាវិបត្ដិនយោបាយមិនធ្លាប់មានរយៈពេល ៤០ឆ្នាំរបស់ខ្លួន។

អ្នកតំណាងពិសេស សម្រាប់អ៊ីរ៉ង់លោក Brian Hook បានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានមួយថា “ឥឡូវនេះគឺជាពេលវេលា សម្រាប់ប្រជាជាតិទាំងអស់ ដើម្បីឈរជាមួយប្រជាជនអ៊ីរ៉ង់ ដោយផ្តាច់ការទូត និងការដាក់ទណ្ឌកម្មលើមន្ត្រីទាំងនោះ ដែលទទួលខុសត្រូវចំពោះការ សម្លាប់ជនជាតិអ៊ីរ៉ង់ ដែលគ្មានកំហុស” ។

លោកបានលើកឡើងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មិនអាចមានភាពប្រាកដប្រជា អំពីចំនួនអ្នកស្លាប់នោះទេពីព្រោះ “របបនេះរារាំងព័ត៌មាន” ប៉ុន្តែលោកបាននិយាយថា អ្នកដែលត្រូវគេធ្វើឃាតទំនងជា នឹងរាប់បញ្ចូលក្មេងយ៉ាងហោចណាស់ រាប់សិបនាក់ក្នុងនោះមានក្មេងអាយុពី ១៣ ទៅ ១៤ឆ្នាំ ៕

ដោយ ឈូក បូរ៉ា

To Top