ព័ត៌មានអន្តរជាតិ

ជនជាតិអាហ្វហ្គានីស្ថាន ប្រារព្ធពិធីអុជទៀន នៅរដ្ឋធានីកាប៊ុល រំលឹកថ្ងៃបាញ់សម្លាប់ លោកវេជ្ជបណ្ឌិតជប៉ុនម្នាក់

KABUL៖ អាហ្វហ្គានីស្ថាន មានការភ្ញាក់ផ្អើល ចំពោះការសម្លាប់ គ្រូពេទ្យជនជាតិជប៉ុនម្នាក់ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ រួមជាមួយជនជាតិអាហ្វហ្កានីស្ថាន ចំនួន ៥ នាក់ នៅក្នុងការបាញ់ប្រហារតាមដងផ្លូវ កាលពីថ្ងៃមុន បានធ្វើពិធីអុជទៀន នៅរដ្ឋធានីកាប៊ុល យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

សកម្មជនជាច្រើននាក់ ដែលកាន់បដាភ្ជាប់នឹងរូបភាព របស់លោក Tetsu Nakamura បានថ្កោលទោសការស្លាប់របស់លោក និងបានហៅលោកថា ជា “វីរៈបុរស” ដោយបានប្រមូលផ្តុំគ្នានៅសង្កាត់ Wazir Akbar Khan ដែលមានការការពារយ៉ាងល្អនៅកាប៊ុល ក្បែរស្ថានទូតជប៉ុន។ អ្នកចូលរួមខ្លះកាន់ទង់ជាតិជប៉ុន រីឯអ្នកខ្លះទៀតកាន់ផ្កា និងទង់ជាតិអាហ្គានីស្ថាន។

លោក Nakamura ត្រូវបានសម្លាប់ នៅក្នុងការបាញ់ប្រហារ នៅតាមដងផ្លូវមួយ កាលពីថ្ងៃពុធ នៅតាមផ្លូវរបស់លោកទៅកាន់ Jalalabad ជារដ្ឋធានីនៃខេត្ត Nangarhar ។ គ្រូពេទ្យអាយុ ៧៣ ឆ្នាំរូបនេះ បានស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន តាំងពីឆ្នាំ ២០០៨ ហើយបានដឹកនាំ គម្រោងទឹកនៅតំបន់ជនបទ។ សេវាកម្មរបស់លោក ចំពោះប្រជាជនធ្វើឲ្យគាត់ មានឈ្មោះហៅក្រៅថា“ ពូម័ររ៉ាត”៕ ដោយ៖លី ភីលីព

To Top