បរទេស៖ លោក Evo Morales ត្រូវបានបង្ខំឱ្យចុះចេញពីតំណែង ជាប្រធានាធិបតីប្រទេស បូលីវី កាលពីថ្ងៃទី ១០ ខែវិច្ឆិកាក្រោមសម្ពាធពីយោធា ហើយលោកបានភៀសខ្លួន ទៅកាន់ប្រទេសម៉ិកស៊ិក។ ជាមួយគ្នានោះដែរ មន្ត្រីជាន់ខ្ពស់បូលីវី ផ្សេងទៀតក៏បានលាលែង ពីតំណែងផងដែរ។ បើតាមប្រភពពីក្រសួការបរទេស ម៉ិកស៊ិក លោក Morales បានចាកចេញពីប្រទេស ដោយជូនដំណឹង ទៅអាជ្ញាធរម៉ិកស៊ិកថា នេះគឺជា“ ដំណើរទស្សនកិច្ចបណ្តោះអាសន្ន” ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រសួងការបរទេសម៉ិកស៊ិក បាននិយាយនៅថ្ងៃសុក្រនេះថា លោក Morales បានចាកចេញពីប្រទេស ដោយជូនដំណឹង ទៅអាជ្ញាធរម៉ិកស៊ិកថានេះគឺជា“ ដំណើរទេសចរណ៍បណ្តោះអាសន្ន” ។
អតីតរដ្ឋមន្រ្តីក្រសួងសុខាភិបាល នៃប្រទេសបូលីវី បានប្រាប់អ្នកយកព័ត៌មានថា ការចាកចេញរបស់លោក Morales គឺទាក់ទងទៅនឹងបញ្ហាសុខភាពរបស់គាត់ ហើយគាត់នឹងត្រូវបាន ព្យាបាលដោយគ្រូពេទ្យ ក្នុងប្រទេសគុយបា ដែលបានព្យាបាលលោក កាលពីនៅបូលីវី។
លោក Morales ត្រូវបានគេផ្តល់សិទ្ធិជ្រកកោន នៅប្រទេសម៉ិកស៊ិក ចំពេលមានការតវ៉ា ប្រឆាំងនឹងលទ្ធផល នៃការបោះឆ្នោតប្រធានាធិបតី ដែលក្នុងនោះលោក បានទទួលអាណត្តិទីបួនរបស់លោក នៅក្នុងតំណែងជាប្រធានាធិបតីនេះ។
សមាជិកសភាគណបក្សប្រឆាំង លោកស្រី Jeanine Anez ក្រោយមកបានឡើងកាន់តំណែង ជាប្រធានាធិបតីបណ្តោះអាសន្ន ខណៈលោក Morales បានកំណត់ស្ថានភាពនេះថា ជារដ្ឋប្រហារ។ អ្នកគាំទ្រអតីតប្រធានាធិបតី បានចូលរួមក្នុងការប្រមូលផ្តុំថ្មី ប្រឆាំងនឹងរដ្ឋាភិបាល របស់លោកស្រី Jeanine Anez ដែលនាំឱ្យមានការប៉ះទង្គិចគ្នាយ៉ាងហិង្សា ជាមួយក្រុមសន្តិសុខ។
កាលពីឆ្នាំ ២០១៧ លោក Morales បានទទួលការវះកាត់បំពង់ក នៅប្រទេសគុយបា ដែលបានជំរុញ ឱ្យគាត់លុបចោលការបង្ហាញខ្លួន ជាសាធារណៈនៅពេលនោះ។ នៅឆ្នាំ ២០១៨ លោក Morales បាននិយាយថាគាត់ បានវះកាត់យកដុំសាច់ចេញ ក្នុងអំឡុងពេលវះកាត់បន្ទាន់មួយទៀត បន្ទាប់ពីគាត់ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ ដើម្បីធ្វើការត្រួតពិនិត្យជាប្រចាំ៕ ប្រែសម្រួលៈ ណៃ តុលា