បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យបាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រថុយនឹងការបាត់បង់គ្រប់យ៉ាង ប្រសិនបើលោកនៅតែបន្តទង្វើអរិភាព ហើយប្រទេសរបស់លោក ត្រូវតែលុបបំបាត់អាវុធនុយក្លេអ៊ែចោល។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Today Online នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងយ៉ាងដូច្នេះ បន្ទាប់ពីប្រទេសកូរ៉េខាងជើង បាននិយាយអះអាងថា ខ្លួនទើបបានធ្វើតេស្ត សាកល្បងជោគជ័យដ៏សំខាន់មួយ។
ដោយពោលសំដៅដល់ ជំនួបកំពូលដំបូងរបស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើង នៅក្នុងប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៨ លោក ត្រាំ បានមានប្រសាសន៍លើបណ្ដាញសង្គមធ្វីតធើដូច្នេះថា “លោក គីម ជុងអ៊ុន វៃឆ្លាតហួស និងមានរបស់ច្រើនលើសលប់នឹងត្រូវបាត់បង់ គឺគ្រប់យ៉ាងនឹងបាត់បង់ ប្រសិនបើលោកប្រព្រឹត្ត ធ្វើក្នុងផ្លូវជាសត្រូវ។ លោកបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងលុបបំបាត់ នុយក្លេអ៊ែដ៏ខ្លាំងក្លាមួយ ជាមួយខ្ញុំនៅក្នុងប្រទេសសិង្ហបុរី”៕ ប្រែសម្រួល៖ប៉ាង កុង