ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក សង្ឃឹមថា កូរ៉េខាងជើងនឹងរក្សាការប្តេជ្ញាខ្លួន

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា រដ្ឋបាលលោក ត្រាំ មានក្តីសង្ឃឹមថា ប្រទេសកូរ៉េខាងជើង នឹងបន្តធ្វើការងារឆ្ពោះ ទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែ និងឈប់ធ្វើតេស្តមីស៊ីលផ្លោង វាយប្រហារក្នុងចម្ងាយឆ្ងាយ ស្របពេលកាលផុតកំណត់ ដែលទីក្រុងវ៉ាស៊ីនតោន កំណត់ឲ្យទីក្រុងវ៉ាស៊ីនតោន ពិចារណាឡើងវិញ ពីដំណើរឆ្ពោះទៅរកការពិភាក្សាគ្នា ខិតចូលមកកាន់តែជិត។

ថ្លែងនៅក្នុងសន្និសីទកាសែតរួមគ្នាមួយ ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov លោករដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានមានប្រសាសន៍ផងដែរថា ទីក្រុងវ៉ាស៊ីនតោន កំពុងតែសម្លឹងរកផ្លូវ ធ្វើការពិភាក្សាជាមួយទីក្រុងព្យុងយ៉ាង ប៉ុន្តែមិនបានផ្តល់សញ្ញាថា ភាគីទាំងពីរបានខិតចូលកាន់តែជិតគ្នា ក្នុងការវិលទៅរកតុចរចានោះទេ។

គួរបញ្ជាក់ថា មេដឹកនាំរបស់ប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកំណត់យកចុងឆ្នាំនេះ ជាពេលផុតកំណត់ ដើម្បីឲ្យសហរដ្ឋអាមេរិក ធ្វើការបត់បែនកាន់តែខ្លាំងឡើង នៅក្នុងកិច្ចចរចាពិភាក្សាគ្នា ស្តីពីការលុបបំបាត់ អាវុធនុយក្លេអ៊ែ បើមិនដូច្នោះទេ នឹងជំរុញឲ្យទីក្រុងព្យុងយ៉ាង ចាប់យកផ្លូវថ្មី៕ ប្រែសម្រួល៖ប៉ាង កុង

To Top