ព័ត៌មានអន្តរជាតិ

អាមេរិកជឿជាក់ថា សម័យប្រជុំក្រុមប្រឹក្សាសន្តិសុខយូអិន គួរតែផ្តោតលើការបាញ់មីស៊ីល របស់កូរ៉េខាងជើង នៅសប្តាហ៍នេះ

វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល សហរដ្ឋអាមេរិក បានឲ្យដឹងថាសហរដ្ឋអាមេរិក នឹងថ្លែងអំពីស្ថានភាពសិទ្ធិមនុស្ស របស់កូរ៉េខាងជើង នៅឯក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ប៉ុន្តែជឿជាក់ថា វាជាការប្រសើរក្នុងការពិភាក្សា អំពីការបាញ់មីស៊ីលរបស់របបនេះ ក្នុងអំឡុងពេលប្រជុំមួយ នៅសប្តាហ៍នេះ។

សហរដ្ឋអាមេរិក ដែលមានតួនាទី ជាប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែនេះ បានកោះប្រជុំមួយកាលពីថ្ងៃពុធ ដើម្បីផ្តោតលើការបាញ់មីស៊ីលថ្មីៗនេះ របស់កូរ៉េខាងជើង និង“ លទ្ធភាពនៃការបង្កហេតុ ដែលកំពុងកើនឡើង” ដោយទីក្រុងព្យុងយ៉ាង។

កិច្ចប្រជុំនេះធ្វើឡើង បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានប្រកាសថា ខ្លួនបានធ្វើការសាកល្បងដ៏សំខាន់មួយ នៅឯកន្លែងបង្ហោះផ្កាយរណបដុងឆាងរី របស់ខ្លួនកាលពីថ្ងៃសៅរ៍ ក្រោយមកកូរ៉េខាងត្បូង បានពណ៌នាថា ជាការធ្វើតេស្តម៉ាស៊ីនរ៉ុក្កែត៕ ដោយ៖ ឈូក បូរ៉ា

To Top