ហាណូយ៖ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ុនហ្វុក កាលពីថ្ងៃច័ន្ទបានកោតសរសើរ ការអនុវត្តការងាររបស់ ក្រសួងការពារជាតិពេញមួយឆ្នាំ ក្នុងការផ្តល់ដំបូន្មាន ជាយុទ្ធសាស្ត្រដល់បក្ស និងរដ្ឋ លើបញ្ហាទាក់ទងនឹងយោធា ក៏ដូចជាដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវកាលៈទេសៈផ្សេងៗ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា មេដឹកនាំរូបនេះបាននិយាយថានៅពេលដែលពិភពលោក ចូលក្នុងបដិវត្តឧស្សាហកម្មទី ៤ ប្រទេសត្រូវតែធានាឱ្យ បាននូវការការពារដ៏ល្អបំផុតពីការវាយប្រហារតាមអ៊ិនធឺរណែត ធ្វើអោយប្រសើរឡើងនូវសមត្ថភាពប្រយុទ្ធ របស់ខ្លួននៅក្នុងវិស័យនេះ។
ថ្លែងសុន្ទរកថាសន្និសីទនយោបាយ យោធានៅហាណូយ ដើម្បីពិនិត្យមើលការអនុវត្តភារកិច្ច ការពារជាតិយោធាសម្រាប់ឆ្នាំ ២០១៩ និងកំណត់ទិសដៅសម្រាប់ឆ្នាំ ២០២០ មេដឹកនាំរូបនេះក៏បាននិយាយតាមរយៈការដោះស្រាយ ជាមួយការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ជាពិសេសនៅសមុទ្រខាងកើត (ដែលត្រូវបានគេស្គាល់ ជាអន្តរជាតិថាសមុទ្រចិនខាងត្បូង) កាលពីដើមឆ្នាំនេះ យោធាបានបង្ហាញការទទួលខុសត្រូវ និងភាពរសើបក្នុងការ វាយតម្លៃស្ថានភាព។
នាយករដ្ឋមន្រ្តីវៀតណាម ក៏បានស្នើឱ្យយោធា រក្សាការប្រុងប្រយ័ត្ន ធ្វើបច្ចុប្បន្នភាពសកម្ម និងព្យាករណ៍ស្ថានភាព ដើម្បីផ្តល់យោបល់ឱ្យបានទាន់ពេលវេលាដល់បក្ស និងរដ្ឋ ធានាការពារឯករាជ្យ អធិបតេយ្យភាពឯកភាព និងបូរណភាពទឹកដី ជាពិសេសនៅសមុទ្រ៕
ប្រែសម្រួលៈ ណៃ តុលា