វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានជំរុញឱ្យកូរ៉េខាងជើង វិលត្រឡប់ទៅរកកិច្ចចរចាការ រំសាយអាវុធនុយក្លេអ៊ែរ ដែលត្រូវបានជាប់គាំងក្នុងពេលជជែកដេញដោលគ្នា នៅឯក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធដោយនិយាយថាទីក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនដើម្បី “បត់បែន” នៅក្នុងដំណើរការនេះ ខណៈពេលដែលព្រមានប្រឆាំង នឹងសកម្មភាពបង្កហេតុនានា។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Kelly Craft បានលេីកឡេីងថា“ យើងបានត្រៀមលក្ខណៈដើម្បីបត់បែន តាមវិធីដែលយើង ឈានដល់បញ្ហានេះ ហើយយើងទទួលស្គាល់ តម្រូវការសម្រាប់កិច្ចព្រមព្រៀងមានតុល្យភាពមួយ ដែលដោះស្រាយកង្វល់ របស់ភាគីទាំងអស់” ។
លោកស្រីបានបន្ថែមថា “ប៉ុន្តែយើងមិនអាចធ្វើវា តែម្នាក់ឯងបានទេ ប្រទេសកូរ៉េខាងជើង ត្រូវតែធ្វើការសម្រេចចិត្តដ៏លំបាក និងក្លាហាននេះដើម្បីធ្វើការជាមួយយើង ទីក្រុងព្យុងយ៉ាង មានបំណងបន្តអាកប្បកិរិយាបង្កហេតុដូចជា ស៊េរីនៃការសាកល្បង មីស៊ីលផ្លោងរយៈចម្ងាយខ្លីរបស់ខ្លួន”៕
ដោយ ឈូក បូរ៉ា