បរទេស៖ រដ្ឋាភិបាលទីក្រុង ហូជីមិញ នឹងដាក់ពង្រាយប៉ូលីស និងយោធាចំនួន ៤.០០០ នាក់ ក៏ដូចជាប្រជាជនក្នុងតំបន់ នៅក្នុងសមយុទ្ធបណ្តុះបណ្តាល ប្រឆាំងនឹង អំពើភេរវកម្ម នៅព្រឹកថ្ងៃអាទិត្យនេះ។ សេនារីយ៉ូសំខាន់ៗ នៅក្នុងសមយុទ្ធនោះ រួមមាន វិធានការប្រឆាំងភេរវកម្ម ពិសេសគឺផែនការទប់ទល់ នឹងការប៉ុនប៉ង ផ្តួលរំលំរដ្ឋាភិបាល។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា សមយុទ្ធនេះនឹងគូសវាស ដោយបង្ហាញ នូវសេនារីយ៉ូចំនួន ៤ គឺក្រុមភេរវករ ញុះញង់ និងបំផុសកំហឹងប្រជាជន តាមរយៈវេទិកា តាមអ៊ិនធរណេត ដើម្បីបង្កើតក្រុម ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ អាកាសយានដ្ឋានអន្តរជាតិ តាន់សុនញ៉ាត ត្រូវបានបំផ្លាញ។ មនុស្សរាប់រយនាក់ ប្រើម៉ូតូដើម្បីដង្ហែតាមដងផ្លូវ និងវាយប្រហារ ការិយាល័យរដ្ឋ និងភ្នាក់ងារការបរទេស ហើយភេរវករ កាន់កាប់ការិយាល័យរដ្ឋ ចាប់ចំណាប់ខ្មាំង និងគំរាមសម្លាប់ពួកគេ ប្រើអាវុធគីមី។
ក្រុមមន្រ្តីបាននិយាយថា សមយុទ្ធនេះ នឹងមានប៉ូលីសនិងយោធា ដាក់ពង្រាយឧបករណ៍ និងអាវុធទំនើប ៗ ជាច្រើនជាលើកដំបូង។
លោកវរសេនីយ៍ឯក Nguyen Sy Quang អនុប្រធាន នាយកដ្ឋានប៉ូលីស ក្រុងបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា “យើងចង់សាកល្បង ការឆ្លើយតបរបស់ភ្នាក់ងាររដ្ឋ ក្នុងទីក្រុង ចំពោះស្ថានភាពភេរវកម្ម និងធានានូវការខូចខាត ដែលមិនចង់បាន ប៉ុន្តែអាចកើតឡើង” ។
សមយុទ្ធនេះនឹងប្រព្រឹត្តទៅ ចាប់ពីម៉ោង ៧ ដល់ម៉ោង ១១ព្រឹក ថ្ងៃអាទិត្យ និងចរាចរណ៍នឹងត្រូវបានរឹតត្បិត លើផ្លូវជាច្រើននៅក្នុងទីក្រុង។
តាមច្បាប់របស់វៀតណាម ការពិន័យជាអតិបរមា ចំពោះអំពើភេរវកម្ម ឬធ្វើសកម្មភាព ដើម្បីផ្ដួលរំលំរដ្ឋាភិបាល គឺនឹងត្រូវទទួលទោសស្លាប់។
កាលពីឆ្នាំមុន មនុស្ស ១៥នាក់ ត្រូវបានឃុំខ្លួនពីបទសង្ស័យ ពាក់ព័ន្ធនឹងការផ្ទុះ នៅឯប៉ុស្តិ៍ប៉ូលិស សង្កាត់ Binh Chanh កាលពីខែមិថុនា។
តុលាការ ក្រុង ហូជីមិញ កាលពីខែធ្នូ ឆ្នាំ២០១៧ បានផ្តន្ទាទោសជនជាតិវៀតណាម ១៥នាក់ ឲ្យជាប់ពន្ធនាគារពី ៥ ទៅ ១៦ឆ្នាំ ពីបទព្យាយាមដុតព្រលានយន្ត ហោះតាន់សុនញាត់ ដោយប្រើគ្រាប់បែកសាំង ក្រោមការណែនាំ ពីក្រុមអ្នកធ្វើវិទ្ធង្សនា នៅបរទេស៕
ប្រែសម្រួលៈ ណៃ តុលា