បរទេស៖ ប្រទេសកូរ៉េខាងជើង បាននិយាយថា ខ្លួនទើបបានធ្វើតេស្តមួយផ្សេងទៀត នៅកន្លែងបាញ់បង្ហោះផ្កាយរណប កាលពីថ្ងៃសុក្រម្សិលមិញនេះ ដើម្បីជំរុញបង្កើនការទប់ស្កាត់ នុយក្លេអ៊ែយុទ្ធសាស្ត្ររបស់ខ្លួន នេះបើយោងតាម កាសែតកូរ៉េខាងជើង KCNA រាយការណ៍នៅថ្ងៃសៅរ៍នេះ។
គួរបញ្ជាក់ថា កាសែត KCNA បាននិយាយកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនថា ប្រទេសកូរ៉េខាងជើង បានធ្វើតេស្តដ៏សំខាន់ នាថ្ងៃទី០៧ ខែធ្នូ នៅកន្លែងបាញ់បង្ហោះផ្កាយរណប Sohae ជាកន្លែងតេស្តរ៉ុកកែតមួយ ដែលមន្ត្រីសហរដ្ឋអាមេរិក ធ្លាប់និយាយថា កូរ៉េខាងជើង បានសន្យាបិទចោល។
យោងតាមប្រភពព័ត៌មានមួយ ដែលចុះផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា សេចក្តីរាយការណ៍របស់កាសែត KCNA នេះ បានហៅព្រឹត្តិការណ៍ កាលពីថ្ងៃទី០៧ ខែធ្នូ ថាជាការតេស្តសាកល្បងជោគជ័យ យ៉ាងសំខាន់មួយ ប៉ុន្តែមិនបានបញ្ជាក់ពីអ្វី ដែលបានធ្វើតេស្តនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង