បរទេស: The Bloomberg ចេញផ្សាយ នៅថ្ងៃចន្ទទី១៦ ខែធ្នូនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងត្រូវបានគេរំពឹងថា នឹងចាំបាច់ទិញយន្តហោះចម្បាំងវ័យចំណាស់ៗ ចំនួន២២គ្រឿងពីប្រទេសស្វីសវិញ នាពេលខាងមុខ គឺជាផ្នែកមួយដែលខ្លួនកំពុងតស៊ូ ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាស ។
អ្នកនាំពាក្យ ទីភ្នាក់ងារ កងទ័ពជើងទឹក សហរដ្ឋអាមេរិក និងទីភ្នាក់ងារលទ្ធកម្មការពារជាតិស្វីស ដែលត្រូវបានគេស្គាល់ឈ្មោះថា Armasuisse បានធ្វើការពិភាក្សាគ្នារួចរាល់ ហើយទៅលើកិច្ចព្រមព្រៀងនេះកាលពីខែកក្កដា ។ អ្នកនាំពាក្យដដែលបាននិយាយទៀតថា កិច្ចសន្យានេះត្រូវបានគេរំពឹងថា នឹងត្រូវចុះហត្ថលេខា នៅពេលដែលសមាជិកសភា សហរដ្ឋអាមេរិក អនុម័តលើថវិកាការពារជាតិឆ្នាំ២០២០ ជាមុនសិន ។
គួរឲ្យដឹងដែរប្រធានាធិបតី ដូណាល់ត្រាំ កំពុងស្វែងរកថវិកា ចំនួនទៅដល់៧១៨ពាន់លានដុល្លារ អាមេរិក ដើម្បីចាក់ចូល ទៅឲ្យមន្ទីរបញ្ចកោណ សម្រាប់ឆ្នាំ ២០២០ រួមទាំងថវិកាចំនួន ៣៩,៧ លានដុល្លារសម្រាប់យន្តហោះ F-5s ដែលជាយន្តហោះ បានប្រគល់ដល់ប្រទេសស្វីស កាលពីឆ្នាំ ១៩៧៨ ផងនោះ ៕
ប្រែសម្រួល:ស៊ុនលី