វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា តំណាងពិសេសរបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសកូរ៉េខាងជើង លោក Stephen Biegun នឹងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង នៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាពីភាពចាំបាច់ ដើម្បីរក្សាឯកភាពអន្តរជាតិ លើប្រទេសកូរ៉េខាងជើង។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹង នៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយ ប្រេសិតអាមេរិករូបនេះ នឹងធ្វើទស្សនកិច្ចនៅរដ្ឋធានីចិន នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្របន្ទាប់ពីទស្សនកិច្ច ទៅកាន់ទីក្រុងសេអ៊ូលនិងតូក្យូ។
សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា លោកនឹងជួបជាមួយមន្រ្តីចិន ដើម្បីពិភាក្សាពីភាពចាំបាច់ ដើម្បីរក្សាឯកភាពអន្តរជាតិលើកូរ៉េខាងជើង ខណៈកំពុងតានតឹង ជាមួយក្រុងព្យុងយ៉ាង និងកាលបរិច្ឆេទចុងឆ្នាំជិតមកដល់៕ ដោយ៖ ឈូក បូរ៉ា