តូក្យូ៖ តុលាការក្រុងតូក្យូ នឹងចេញសេចក្តីសម្រេច លើបណ្តឹងខូចខាត ដោយអ្នកកាសែតស្រ្តីម្នាក់ឈ្មោះ Shiori Ito ដែលបានចោទប្រកាន់ អតីតអ្នកអានព័ត៌មាន ទូរទស្សន៍ម្នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយនាយករដ្ឋមន្ត្រីលោក ស៊ីនហ្សូ អាបេ ពីបទរំលោភសេពសន្ថវៈ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា Shiori Ito អាយុ ៣០ ឆ្នាំ កំពុងស្វែងរកសំណង ជាប្រាក់ចំនួន ១១ លានយ៉េន ស្មើនឹង ១០០.០០០ ដុល្លារ ពីអតីត អ្នកយកព័ត៌មានគឺលោក Noriyuki Yamaguchi ដោយអះអាងថា បានចាប់រំលោភនាង បន្ទាប់ពីបានអញ្ជើញ នាងទៅញាំអាហារ ពេលល្ងាច ដើម្បីពិភាក្សាពី ឱកាសការងារកាលពីឆ្នាំ ២០១៥ ។
ករណីនេះបានធ្វើឱ្យមាន ចុះផ្សាយ នៅទំព័រមុខ នៅក្នុងប្រទេសជប៉ុន និងនៅបរទេស ព្រោះវាជាករណីកម្រ សម្រាប់ជនរងគ្រោះ ដែលរំលោភសេពសន្ថវៈ ក្នុងការរាយការណ៍ពីបទ ឧក្រិដ្ឋនេះទៅប៉ូលីស។
យ៉ាងណាក៏ដោយ លោក Yamaguchi បានបដិសេធរាល់ការធ្វើខុសណាមួយ និងបានប្តឹងប្រឆាំងនឹងនាង Ito វិញ ដោយទាមទារសំណងរហូតដល់ទៅ ១៣០ លានយ៉េន។ ករណីស្រីប្រកាន់ ប្រុសប្រកែកនេះ តុលាការក៏នឹងចេញសេចក្តី សម្រេចនៅថ្ងៃពុធផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា