វ៉ាស៊ីនតោន៖ អ្នកចរចាកំពូលរបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចពិភាក្សាចែករំលែក ចំណាយការពារជាតិ ជាមួយកូរ៉េខាងត្បូង បានឲ្យដឹងថាក្រុមរបស់លោក មិនផ្តោតលើការទាមទារដំបូងរបស់ខ្លួន សម្រាប់ការកើនឡើង ៥ ដងដល់ ៥ ពាន់លានដុល្លារអាមេរិក ក្នុងការរួមចំណែកផ្នែកហិរញ្ញវត្ថុ របស់ក្រុងសេអ៊ូល ក្នុងការថែរក្សាកងទ័ពអាមេរិកនោះទេ។
នៅក្នុងបទសម្ភាសន៍ ជាមួយអង្គភាពសារព័ត៌មានកូរ៉េ លោក James DeHart ក៏បានចង្អុលបង្ហាញថា ការទិញអាវុធរបស់កូរ៉េខាងត្បូង ពីសហរដ្ឋអាមេរិក គឺជាការពិចារណាដ៏សំខាន់មួយ សម្រាប់ពួកយើង នៅក្នុងបរិបទ ចែករំលែកបន្ទុកខាងលើនេះ។
លោក DeHart និងសមភាគីកូរ៉េខាងត្បូង លោក Jeong Eun-Bo បានធ្វើកិច្ចចរចាចុងក្រោយ រយៈពេល ២ ថ្ងៃចុងក្រោយ នៅទីក្រុងសេអ៊ូលក្នុងសប្តាហ៍នេះ ប៉ុន្តែមិនបានបង្រួមគម្លាត អំពីចំនួនប្រាក់ដែលក្រុងសេអ៊ូល គួរបង់នៅឆ្នាំក្រោយ និងលើសពីនេះសម្រាប់ការបោះជំរំ របស់សហរដ្ឋអាមេរិក ដែលមានកម្លាំង ២៨.៥០០ នាក់នោះទេ៕ ដោយ៖ ឈូក បូរ៉ា