បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១៧ ខែធ្នូនេះ បានឲ្យដឹងថា អគ្គលេខាធិការអង្គការណាតូនៅថ្ងៃនេះ បានប្រកាសថា ខ្លួននៅតែបន្តស្វែងរកការបង្កើន កិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេស ជាក្រុមប្រឹក្សាសហប្រតិបត្តិការ នៅតំបន់ឈូងសមុទ្រ Gulf ហៅកាត់ថា GCC ។
លោក Jens Stoltenberg បានធ្វើការកត់សម្គាល់នេះ ក្នុងពិធីអបអរសាទរខួបលើកទី ១៥ នៃគំនិតផ្តួចផ្តើម កិច្ចសហប្រតិបត្តិការអ៊ីស្តង់ប៊ុល ដែលបានធ្វើឡើងនៅទីក្រុងគុយវ៉ែត។ លោកបានមានប្រសាសថា ក្នុងរយៈពេល៧០ឆ្នាំ ចាប់តាំងពីការបង្កើតមកអង្គការណាតូ មិនដែលជួបប្រទះ បរិយាកាសសន្តិសុខស្មុគស្មាញ ដូចពេលបច្ចុប្បន្ននេះទេ។
លោកបានបន្ថែមថា យើងចាំបាច់ត្រូវរក្សាសន្តិសុខរបស់យើង និងមានភាពរហ័សរហួននិងត្រៀមឆ្លើយតប ចំពោះការគំរាមកំហែង ដែលកើតឡើងពីគ្រប់ច្រក និងផ្លូវទាំងដីគោក សមុទ្រ អាកាស លំហ និងលំហអាកាសផងដែរ។
ក្រោយធ្វើការគូសបញ្ជាក់ពីតម្រូវការ សម្រាប់ការឆ្លើយតប ដែលមានសំរបសំរួលខ្លាំងជាងមុន ប្រឆាំងនឹងអំពើភេរវកម្ម អគ្គលេខាធិការអង្គការណាតូ បាននិយាយថា ណាតូកំពុងធ្វើការជាមួយដៃគូ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីបណ្តុះបណ្តាលកម្លាំង ក្នុងតំបន់ អំពីវិធីប្រយុទ្ធប្រឆាំងនឹងភេរវករ៕ ប្រែសម្រួល:ស៊ុនលី