បរទេស៖ គ្រោះរាំងស្ងួតធ្ងន់ធ្ងរ បានវាយប្រហារខេត្តភាគ កណ្តាលរបស់ប្រទេសថៃ គឺខេត្ត Nakhon Sawan, Uthai Thani និងខេត្ត Chai Nat ដែលកម្រិតទឹកទន្លេកំពុងស្រក ហើយច្រាំងទន្លេ ស្ថិតក្នុងគ្រោះថ្នាក់នៃការបាក់ផងដែរ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Krisada Sripermpan ប្រធានការិយាល័យធារាសាស្ត្រតំបន់ទី ១២ បានជូនដំណឹងទៅអភិបាលខេត្តទាំងនោះថា ការផ្គត់ផ្គង់ទឹកនឹងត្រូវបានកាត់បន្ថយ ព្រោះទំនប់ទឹកធំ ៗ ខាងលើ នឹងត្រូវបញ្ចេញទឹកតិច។
ការិយាល័យរបស់លោកត្រូវ កាត់បន្ថយបរិមាណទឹកដើម្បី រក្សាកម្រិតទឹកអប្បបរមានៅទំនប់ Bhumibol ក្នុងខេត្តតាក់, ទំនប់ Sirikit នៅខេត្ត Uttaradit និងទំនប់ Khwae Noi ក្នុងខេត្ត Phitsanulok ។
ជាលទ្ធផលកម្រិតទឹក នៅក្នុងទន្លេចៅប្រាយ៉ា និងដៃទន្លេ នឹងធ្លាក់ចុះដែលអាច បណ្តាលឱ្យបាក់ច្រាំងទន្លេ។
ផលប៉ះពាល់នៃគ្រោះរាំងស្ងួតធ្ងន់ធ្ងរ កំពុងត្រូវបានគេដឹងរួចទៅ ហើយនៅតាមដងទន្លេ ពីង ក្នុងខេត្ត Nakhon Sawan ។ ផ្នែកមួយដែលមានចម្ងាយ ១០ គីឡូម៉ែត្រនៅស្រុក Khao Din បានរីងស្ងួត ធ្វើឱ្យរំខានដល់សេវាកម្មទូក និងបង្កការភិតភ័យក្នុងចំណោមកសិករ ដែលពឹងផ្អែកលើទឹកទន្លេដើម្បី ស្រោចស្រពកសិដ្ឋានរបស់ពួកគេ ៕
ប្រែសម្រួលៈ ណៃ តុលា