កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ថា ស្ត្រីម្នាក់បានស្លាប់ និងពលរដ្ឋរាប់ពាន់នាក់ត្រូវបាន គេជម្លៀសខ្លួនចេញទៅកាន់ទីសុវត្ថិភាព ដោយស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលជម្លៀសខ្លួនបណ្តោះអាសន្ន ខណៈដែលទឹកជំនន់បានវាយប្រហារ មកលើរដ្ឋ Kelantan, Terengganu និង Pahang ។
ជនរងគ្រោះ មានអត្តសញ្ញាណអាយុ៥២ឆ្នាំ ឈ្មោះ Shaimee Ismail បានប្រទះឃើញដោយក្រុមអ្នកស្រុក នៅ Tanah Merah ។ គាត់ត្រូវបានគេជឿជាក់ថា បានលង់ទឹក បន្ទាប់ពីរសាត់តាមទឹក នៅក្នុងគ្រា មានទឹកជំនន់ នៅវេលាម៉ោង៩ព្រឹក កាលពីថ្ងៃពុធ ។
យោងតាមនាយកដ្ឋានព័ត៌មាន សុខមាលភាពសង្គម និងគ្រោះមហន្តរាយបានឲ្យដឹងថា កាលពីយប់ថ្ងៃពុធ ចំនួនៃអ្នកជម្លៀសបានកើតឡើងខ្ពស់នៅស្រុក Jeli ដែលមានរហូតដល់១.៨៩៤នាក់ស្មើនឹង៥៩២គ្រួសារ នៅក្នុងមជ្ឈមណ្ឌលជួយសង្គ្រោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា