បរទេស៖ កាលពីថ្ងៃសុក្រ ប្រធានរដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ថា ICC គឺលោក Fatou Bensouda បានស្នើថា តុលាការបើកការ ស៊ើបអង្កេតពេញលេញទៅលើ “ ឧក្រិដ្ឋកម្មសង្គ្រាម” ដែលត្រូវបានចោទប្រកាន់ នៅក្នុងទឹកដីប៉ាឡេស្ទីន ដោយអ៊ីស្រាអែល។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo កាលពីថ្ងៃសុក្រ បានច្រានចោលសេចក្តីសំរេចរបស់ ICC ដែលទាក់ទងនឹងការស៊ើបអង្កេត លើការចោទប្រកាន់អំពី “ឧក្រិដ្ឋកម្មសង្គ្រាម” របស់អ៊ីស្រាអែលដោយនិយាយថា សហរដ្ឋអាមេរិកប្រឆាំងនឹង “ការស៊ើបអង្កេតដែលមិនសមហេតុផល” ។
លោក Pompeo បានលើកឡើងថា ថ្ងៃនេះរដ្ឋអាជ្ញារបស់ ICC បានលើកឡើងនូវសំណួរដ៏ធ្ងន់ធ្ងរ អំពីយុត្តាធិការរបស់តុលាការ ICC ដើម្បីស៊ើបអង្កេត ទៅលើអ៊ីស្រាអែល។ អ៊ីស្រាអែល មិនមែនជារដ្ឋភាគីរបស់ ICC ។ យើងប្រឆាំងដាច់ខាត ចំពោះការស៊ើបអង្កេត ដែលមិនសមហេតុផលនេះ ដែលតម្រង់គោលដៅអយុត្តិធម៌ ទៅលើអ៊ីស្រាអែល។ ផ្លូវឆ្ពោះទៅរកសន្តិភាពយូរអង្វែង គឺតាមរយៈការចរចាដោយផ្ទាល់” ។
មុននេះបន្តិចនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា ការស៊ើបអង្កេតរបស់តុលាការ ICC នឹងក្លាយជារឿងអាស្រូវ និងគ្មានមូលដ្ឋាន ដោយអះអាងថា តុលាការបានក្លាយជា“ ឧបករណ៍នយោបាយ ដើម្បីធ្វើប្រតិភូកម្មរដ្ឋអ៊ីស្រាអែល” ៕ ប្រែសម្រួលៈ ណៃ តុលា