វ៉ាស៊ីនតោន៖ ប្រភពការទូត បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងរៀបចំការប្រជុំជាមួយរដ្ឋមន្រ្តី ការបរទេសពីប្រទេសជប៉ុន និងកូរ៉េខាងត្បូង នៅខែក្រោយ ដើម្បីសម្របសម្រួល ជំហានដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង និងវោហារសាស្ត្របង្កហេតុកាន់តែខ្លាំងឡើង។
ការផ្លាស់ប្តូរនេះកើតឡើង ចំពេលមានការរំពឹងទុកថា កូរ៉េខាងជើង អាចបាញ់សាកល្បងមីស៊ីល បាលីស្ទិកអន្តរទ្វីប ឬធ្វើសកម្មភាព គំរាមកំហែងផ្សេងទៀត នៅពេលដែលកិច្ចពិភាក្សានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិកបានជាប់គាំង ។ ក្រុងព្យុងយ៉ាងបានកំណត់កាលបរិច្ឆេទចុងឆ្នាំ សម្រាប់ក្រុងវ៉ាស៊ីនតោន ឲ្យពិចារណាឡើងវិញ នូវវិធីសាស្រ្តក្នុងការចរចា ។
ជំហានបន្ទាប់របស់ កូរ៉េខាងជើង អាចដឹកនាំរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចាត់វិធានការតឹងរ៉ឹងជាងមុន ដោយមានមន្រ្តីខ្លះអំពាវនាវឱ្យវិលត្រឡប់មកអនុវត្ត“ សម្ពាធអតិបរិមា” ទៅលើកូរ៉េខាងជើងវិញ៕
ដោយ ឈូក បូរ៉ា