បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា នៅពេលថ្មីៗនេះ ប្រធានាធិបតីនៃប្រទេសបារាំង លោក Emmanuel Macron បានធ្វើការប្រកាសប្រាប់ថា កងកម្លាំងបារាំង ទើបបានសម្លាប់ពួកសកម្មប្រយុទ្ធ ចំនួន៣៣នាក់ នៅក្នុងប្រទេសម៉ាលី។
លោក Emmanuel Macron បានធ្វើការប្រកាសយ៉ាងដូច្នោះ នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកូតឌីវ័រ ជាកន្លែង ដែលលោកកំពុងចុះសួរសុខទុក្ខកងទ័ព សម្រាប់ពិធីអបអរបុណ្យណូអែល ហើយលោកបានមានប្រសាសន៍ថា បារាំងនឹងបន្តប្រយុទ្ធ នឹងពួកជីហាដនៅក្នុងតំបន់ ដែលកងទ័ពបារាំងរាប់ពាន់នាក់ បានដាក់ពង្រាយឈរជើង ចាប់តាំងពីឆ្នាំ២០១៣មកម៉្លេះ។
គួរបញ្ជាក់ថា កងទ័ពបារាំងចំនួនប្រហែល៤.៥០០នាក់ កំពុងតែឈរជើងប្រចាំការ នៅក្នុងទ្វីបអាហ្រ្វិកខាងលិចនិងខាងកើត ដែលជាតំបន់ពីមុន ស្ថិតនៅក្រោមអាណានិគមបារាំង ហើយការដាក់ពង្រាយទ័ពបារាំងនោះ ជាផ្នែកនៃប្រតិបត្តិការ Barkhane ជាការពង្រាយទ័ពប្រឆាំងការបះបោរ ចាប់ផ្តើមនៅក្នុងឆ្នាំ២០១៤៕ ប្រែសម្រួល៖ប៉ាង កុង