ព័ត៌មានអន្តរជាតិ

ទីក្រុងអង់ការ៉ា និងទីក្រុងមូស្គូ នឹងពិភាក្សាគ្នា អំពីជនអន្តោប្រវេសន៍ ស៊ីរីនិងជម្លោះលីប៊ី

បរទេស ៖ គណៈប្រតិភូតួកគី មួយក្រុម តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរទៅទីក្រុងមូស្គូ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាប្រទេស ស៊ីរីនិងបញ្ហាប្រទេសលីប៊ី ជាទីដែលប្រទេសទាំងពីរ មានទស្សនកិច្ចផ្ទុយគ្នាខ្លះៗ សម្រាប់កិច្ចពិភាក្សាគ្នា ដែលលោកប្រធានាធិបតីតួកគី Tayyip Erdogan និយាយថា នឹងកំណត់គន្លងសកម្មភាព តួកគីនៅក្នុងតំបន់។

លោកប្រធានាធិបតីតួកគី បានមានប្រសាសន៍ កាលពីថ្ងៃអាទិត្យម្សិលមិញនេះថា ជនស៊ីវិលជាង៨០.០០០នាក់ កំពុងតែធ្វើអន្តោប្រវេសន៍ចេញពីតំបន់ Idlib ប្រទេសស៊ីរីភាគនិរតី ចូលទៅក្នុងប្រទេសតួកគី ក្រោយពីកងកម្លាំងរុស្ស៊ី និងស៊ីរី បង្កើនប្រតិបត្តិការ វាយប្រហារតាមអាកាស របស់ខ្លួន នៅក្នុងតំបន់។

គួរបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសតួកគី បានទទួលជនភៀសខ្លួនស៊ីរី ចំនួនប្រមាណ៣,៧លាននាក់ ដែលជាចំនួនជនភៀសខ្លួនដ៏ច្រើនបំផុតនៅក្នុងពិភពលោក ហើយតួកគីកំពុងមានការភ័យខ្លាច ពីរលកជនភៀសខ្លួនផ្សេងទៀត ចេញពីតំបន់ Idlib៕
ប្រែសម្រួល៖ប៉ាង កុង

To Top