ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន ស្នើឲ្យកូរ៉េខាងត្បូង ចេញចំណាត់ការដោះស្រាយ ជម្លោះទ្វេភាគី

បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ នៅថ្ងៃអង្គារនេះ បានមានប្រសាសន៍ប្រាប់ថា វាជាទំនួលខុសត្រូវរបស់ ប្រទេសកូរ៉េខាងត្បូង ដែលត្រូវរកវិធានការដោះស្រាយជម្លោះទ្វេភាគី ដែលបានធ្វើឲ្យចំណងមិត្តភាព របស់ទីក្រុងតួក្យូ ជាមួយទីក្រុងសេអ៊ូល ធ្លាក់ចុះខ្លាំងបំផុត ក្នុងរយៈពេលជាច្រើនទសវត្ស។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា លោក អាបេ បានធ្វើការថ្លែងយ៉ាងដូច្នេះ នៅក្នុងសន្និសីទកាសែទមួយ នៅក្រៅជំនួបកំពូលត្រីភាគី ជាមួយចិននិងកូរ៉េខាងត្បូង ក្នុងទីក្រុង Chengdu ប្រទេសចិន។

គួរបញ្ជាក់ថា ចំណងមិត្តភាពរវាងជប៉ុន និងកូរ៉េខាងត្បូង ដែលទាំងពីរសុទ្ធតែជាសម្ពន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិកនោះ បានធ្លាក់ចុះដល់កម្រិតទាបបំផុត នៅក្នុងរយៈកាលប៉ុន្មានទសវត្ស ក្រោយតុលាការកំពូលកូរ៉េខាងត្បូង បានបញ្ជាឲ្យក្រុមហ៊ុនជប៉ុនសងជម្ងឺចិត្ត ដល់ជនជាតិកូរ៉េដែល ត្រូវបង្ខំឲ្យធ្វើការងារ នៅក្នុងអំឡុងសង្គ្រាម៕
ប្រែសម្រួល៖ប៉ាង កុង

To Top