ព័ត៌មានអន្តរជាតិ

សារព័ត៌មាន អាមេរិកផ្សាយថា ចិនសាកល្បងមីស៊ីល ដែលមានសមត្ថភាព បាញ់ដល់អាមេរិក

បរទេស៖ កាលពីខែមិថុនា ក្រសួងការពារជាតិចិនបានបញ្ជាក់ថា ចិនកាលពីពេលថ្មីៗនេះ បានសាកល្បងដោយជោគជ័យ នូវមីស៊ីលផ្លោងឆ្លងទ្វីបជំនាន់ទី ៣ របស់ខ្លួនដែលមានឈ្មោះថា JL-3 ដែលអ្នកខ្លះអះអាងថា អាចវាយប្រហារគោលដៅ ដែលមានសក្តានុពលស្ទើរតែ គ្រប់ទីកន្លែងនៅសហរដ្ឋអាមេរិក។ ក្រោយមកសារព័ត៌មានអាមេរិក The Washington Times បានផ្សាយថា មីស៊ីលបាញ់ចេញពីនាវាមុជទឹកថ្មី មានសមត្ថភាពអាចបាញ់ទៅដល់ ទឹកដីអាមេរិកទាំងមូលជាមួយ នឹងក្បាលគ្រាប់នុយក្លេអ៊ែរ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា កាសែត Washington Times បានរាយការណ៍ដោយដកស្រង់ សំដីមន្រ្តីមន្ទីរបញ្ចកោណដែលបាន និយាយក្នុងលក្ខខណ្ឌអនាមិកថា នៅថ្ងៃអាទិត្យនេះទីក្រុងប៉េកាំង បានធ្វើតេស្តមីស៊ីលប្រភេទ JL-3 ជំនាន់ក្រោយរបស់ខ្លួន ជាមីស៊ីលបាញ់ចេញពីនាវាមុជទឹក។ សារព័ត៌មាននេះបានអះអាងថា មីស៊ីលដែលបាញ់ដោយនាវាមុជទឹក មានសមត្ថភាពអាចទៅដល់ទឹកដីអាមេរិក ទាំងមូលជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរ។

ការសាកល្បងនេះត្រូវបានគេរាយការណ៍ថា បានធ្វើឡើងពីនាវាមុជទឹក Jin-class នៅក្នុងសមុទ្រ Bohai នៅឆ្នេរសមុទ្រភាគខាងជើងប្រទេសចិន និងត្រូវបានត្រួតពិនិត្យ ដោយផ្កាយរណបស៊ើបការណ៍អាមេរិក ក៏ដូចជាគោលនយោបាយ របស់ចិននៅឯសមុទ្រ។ ទោះយ៉ាងណាអ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន សម្រាប់កិច្ចការអាស៊ី លោកវរសេនីយ៍ ទោ David W. Eastburn បាននិយាយថា ទោះយ៉ាងណាមិនអាចផ្ទៀងផ្ទាត់ របាយការណ៍នេះបានទេ ។

លោក រ៉េន អ្នកនាំពាក្យក្រសួងការពារជាតិចិន ក៏បានទទូចផងដែរថា ការអភិវឌ្ឍអាវុធយោធា គឺមានសារៈសំខាន់សម្រាប់ “ការពារសន្តិសុខជាតិរបស់ចិន” ។

មីស៊ីលប្រភេទ JL-3 ជំនាន់បន្ទាប់របស់ចិន ត្រូវបានរចនាឡើងយ៉ាងពិសេស សម្រាប់នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែររបស់ប្រទេសចិន ដោយមានប្រតិបត្ដិការ ពេញលេញត្រូវបានគេជឿថា អាចបាញ់បានរហូតដល់ចម្ងាយពី ៩.០០០ គីឡូម៉ែត្រទៅ ១៤.០០០ គីឡូម៉ែត្រ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top