តូក្យូ៖ អគ្គលេខាធិការ នៃគណបក្សប្រជាធិបតេយ្យសេរី (LDP) នៅប្រទេសជប៉ុន លោក Toshihiro Nikai បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងដឹកនាំគណៈប្រតិភូធំបំផុត មិនធ្លាប់មានទៅ ប្រទេសវៀតណាម សម្រាប់ដំណើរ ទស្សនកិច្ចមិត្តភាព ចាប់ពីថ្ងៃទី ១១-១៤ ខែមករា។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទកាសែតនៅទីក្រុងតូក្យូ លោក Nikai បាននិយាយថា គណៈប្រតិភូនេះនឹងមានសមាជិកប្រមាណ ១.០០០ នាក់រួមមានតំណាងអង្គការសេដ្ឋកិច្ច និងអាជីវកម្ម សមាជិកសភាគណបក្ស LDP ជិត ២០ នាក់ និងសិស្សវិទ្យាល័យជប៉ុនចំនួន ២០ នាក់ទៀត។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសវៀតណាម គណៈប្រតិភូនឹងជួប ជាមួយនាយករដ្ឋមន្រ្តី ង្វៀន ស៊ុនហ្វុក និងមេដឹកនាំវៀតណាមដទៃទៀត ដែលក្នុងកំឡុងពេលនោះភាគីទាំងពីរ នឹងបញ្ជាក់ពីបញ្ហាដែលត្រូវការ កិច្ចសហប្រតិបត្តិការ និងអ្នកដែលជប៉ុនអាចផ្តល់ការគាំទ្រដល់វៀតណាម។
សកម្មភាពផ្លាស់ប្តូរមួយចំនួន នឹងត្រូវបានធ្វើឡើងផងដែរ រួមមានសិក្ខាសាលាផ្លាស់ ប្តូរទេសចរណ៍ វេទិកាជំរុញការវិនិយោគជប៉ុន – វៀតណាម និងសិក្ខាសាលាស្តីពីការលើកកម្ពស់ ការអភិវឌ្ឍធនធានមនុស្ស របស់វៀតណាម។
លោកបាននិយាយថា ជប៉ុនចង់ស្វាគមន៍ប្រជាជនវៀតណាមបន្ថែមទៀត មកកាន់ប្រទេសនេះ ដោយលោកបានបន្ថែមថា ដំណើរទស្សនកិច្ច ទៅវិញទៅមកនឹងជំរុញ ចំណងទាក់ទងទ្វេភាគីថែមទៀត៕
ប្រែសម្រួលៈ ណៃ តុលា