ព័ត៌មានអន្តរជាតិ

ការប្តូរទីតាំងមូលដ្ឋាន យោធាអាមេរិក នៅកោះអូគីណាវ៉ា នឹងត្រូវចំណាយ ពេលវេលា និងថវិកាទ្វេដង

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន បានរាយការណ៍ដោយដកស្រង់ សម្តីមន្រ្តីក្រសួងការពារជាតិជប៉ុនថា ការផ្លាស់ប្តូរទីតាំងមូលដ្ឋាន ទ័ពអាកាសអាមេរិកនៅទីក្រុង Ginowan ក្នុងខេត្ដអូគីណាវ៉ា របស់ប្រទេសជប៉ុន ទៅតំបន់ Henoko Bay ដែលមិនសូវមានមនុស្សរស់នៅច្រើន នឹងត្រូវពន្យារ ពេលចាប់ពីផែនការដំបូង ៥ ឆ្នាំទៅប្រហែល ១២ ឆ្នាំ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានក្យូដូ របស់ជប៉ុនបានផ្សាយថា ការចំណាយទៅលើការផ្លាស់ប្តូរ មូលដ្ឋានទ័ពអាកាស របស់កងម៉ារីនអាមេរិក Futenma ទំនងជានឹងកើនឡើងពី ៣៥០ ពាន់លានយ៉េន (៣,២ ពាន់លានដុល្លារ) ដល់យ៉ាងហោចណាស់ ៩៣០ ពាន់លានយ៉េន។

ការពន្យាពេលត្រូវបានគេរាយការណ៍ថា ដោយសារតែការធ្វើឱ្យដីនៅក្រោម សមុទ្រដែលទន់ត្រូវការពង្រឹង ជាផ្នែកមួយនៃការជួសជុល។

នៅដើមឆ្នាំនេះ ប្រជាជននៅកោះអូគីណាវ៉ាជាង ៧២ ភាគរយ បានបោះឆ្នោតប្រជាមតិប្រឆាំង នឹងផែនការផ្លាស់ប្តូរទីតាំងមូលដ្ឋាន។ កាលពីខែមេសា សហរដ្ឋអាមេរិកនិងជប៉ុន បានបញ្ជាក់ជាថ្មីអំពីផែនការ របស់ពួកគេក្នុងការផ្លាស់ប្តូរមូលដ្ឋាន ទោះបីមានការជំទាស់ ពីសាធារណជនក៏ដោយ។

Futenma ត្រូវបានគេដាក់ឈ្មោះថា ជា “ មូលដ្ឋាន ដែលមានគ្រោះថ្នាក់បំផុត នៅលើពិភពលោក” ដោយលោករដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិក Donald Rumsfeld នៅឆ្នាំ ២០០៣ ដែលបានហោះហើរនៅលើមូលដ្ឋាននោះ ហើយបានសង្កេតឃើញថា វាត្រឹមត្រូវនៅចំកណ្តាលទីប្រជុំជន ដែលត្រូវបានហ៊ុព័ទ្ធដោយសាលារៀននិងផ្ទះ។ នេះជាការរំលោភបំពានដោយផ្ទាល់ ទៅនឹងស្តង់ដារ សុវត្ថិភាព របស់កងនាវាចរអាមេរិកដែល តម្រូវឲ្យ ផ្លូវអាកាសណាមួយ ត្រូវដឹងច្បាស់ពីសំណង់ ទាំងអស់ក្រៅពីភ្លើងព្រលាន នៅព្រលាននីមួយៗ ៕

To Top