ព័ត៌មានអន្តរជាតិ

ជប៉ុនប្រហារជីវិត ជនជាតិចិនម្នាក់ ដែលបានសម្លាប់មនុស្ស អស់មួយគ្រួសារ

បរទេស៖ ក្រសួងយុត្តិធម៌ជប៉ុន បានឱ្យដឹងថា ប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ បានប្រហារជីវិតបុរសជនជាតិចិន អាយុ ៤០ ឆ្នាំម្នាក់ ដែលត្រូវបានផ្តន្ទាទោស ពីបទសម្លាប់មនុស្សមួយគ្រួសារ ដែលមានសមាជិក ៤ នាក់ នៅក្នុងការប្រហារជីវិតជនបរទេសដំបូងបង្អស់ របស់ប្រទេសនេះ ចាប់តាំងពីការបង្ហាញព័ត៌មានលំអិត ស្តីពីការកាត់ទោស ដែលបានចាប់ផ្តើមធ្វើឡើងក្នុងឆ្នាំ ២០០៧ ។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា បុរសម្នាក់នេះមានឈ្មោះថា Wei Wei បានប្រព្រឹត្តអំពើឃាតកម្ម កាលពីពាក់កណ្តាលឆ្នាំ ២០០៣ ជាមួយបក្ខពួក ២ នាក់ដែលជាជនជាតិចិន។

ចំណែក ២ នាក់ទៀត បានភៀសខ្លួនទៅប្រទេសចិន ហើយត្រូវបានចាប់ខ្លួននៅទីនោះ។ ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ម្នាក់ត្រូវបានគេប្រហារជីវិត នៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០០៥ និងម្នាក់ទៀត ត្រូវបានកាត់ទោសជាប់គុកអស់មួយជីវិត។

ប្រទេសជប៉ុនគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសជឿនលឿននៃក្រុមចំនួនពីរ ដែលរក្សាការកាត់ទោសប្រហារជីវិត រួមជាមួយសហរដ្ឋអាមេរិក ។

អ្នកទោសត្រូវបានគេព្យួរកនៅប្រទេសជប៉ុន ហើយអ្នកដែលត្រូវបានថ្កោលទោស មិនត្រូវបានគេប្រាប់ នៅពេលដែលការប្រហារជីវិតរបស់ពួកគេ នឹងត្រូវធ្វើឡើងរហូតដល់ព្រឹក នៃថ្ងៃដែលការកាត់ទោស ត្រូវបានអនុវត្ត៕ ប្រែសម្រួលៈ ណៃ តុលា

To Top