ព័ត៌មានអន្តរជាតិ

តួកគី នឹងបញ្ជូនកងទ័ព ទៅប្រទេសលីប៊ី

បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសតួកគីនឹងបញ្ជូន កងទ័ពទៅកាន់ប្រទេសលីប៊ី តាមអ្វីដែលទីក្រុងទ្រីប៉ូលី បានស្នើសុំនាពេលបច្ចុប្បន្ននេះ ហើយលោកនឹងធ្វើ បទបង្ហាញច្បាប់ដល់រដ្ឋសភា នៅក្នុងខែមករា សម្រាប់ការបញ្ជូនកងទ័ព ទៅកាន់ប្រទេសនៅអាហ្វ្រិកខាងជើងមួយនេះ។

លោក Tayyip Erdogan បាននិយាយប្រាប់សមាជិកគណបក្ស AK Party នៅក្នុងសុន្ទរកថាមួយដូច្នេះថា “ព្រោះតែមានការអញ្ជើញពីប្រទេសលីប៊ី នៅក្នុងពេលបច្ចុប្បន្ននេះ យើងនឹងទទួលព្រម គឺយើងនឹងដាក់ពង្រាងច្បាប់ ស្តីពីការបញ្ជូនកងទ័ពទៅប្រទេសលីប៊ី លើរបៀបវារៈ ឲ្យលឿនបំផុតតាមដែលអាចទៅរួច នៅពេលរដ្ឋសភាបើកដំណើរការ”។

គួរបញ្ជាក់ថា ទីក្រុងអង់ការ៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពីរផ្សេងគ្នា កាលពីមួយខែមុន ជាមួយរដ្ឋាភិបាលលោក Fayez al-Serraj ដែលអន្តរជាតិទទួលស្គាល់ របស់ប្រទេសលីប៊ី គឺកិច្ចព្រមព្រៀងមួយស្តីពីសហប្រតិបត្តិការ សន្តិសុខនិងយោធា ហើយមួយទៀតស្តីពីព្រំដែនសមុទ្រ នៅក្នុងសមុទ្រមេឌីទែរ៉ានេ ភាគខាងកេីត ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top