ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះ ជាមួយនឹងអ្នកដំណើរជិត ១០០នាក់ នៅប្រទេស កាហ្សាក់ស្ថាន, ព័ត៌មានបឋមស្លាប់តែ ៧នាក់

បរទេស៖ ការធ្លាក់នេះ បានកើតឡើងនៅជិតទីក្រុង អាល់ម៉ាទី របស់ប្រទេសកាហ្សាក់ស្ថាន ។ មន្រ្តីអាកាសយានដ្ឋានទីក្រុង បាននិយាយ នៅក្នុងហ្វេសប៊ុកថា មនុស្សមួយចំនួន បានរួចផុតពីគ្រោះថ្នាក់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា អាកាសយានដ្ឋានទីក្រុង បានរាយការណ៍នៅថ្ងៃសុក្រថា យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Bek Air ដែលមានមនុស្ស ១០០ នាក់នៅលើយន្ដហោះ បានធ្លាក់នៅជិតទីក្រុងអាល់ម៉ាទី ប្រទេសកាហ្សាក់ស្ថាន។

ក្រសួងឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ រាយការណ៍អំពីមនុស្ស យ៉ាងហោចណាស់ ៧ នាក់ដែលបានស្លាប់នៅក្នុងឧប្បត្តិហេតុនេះ។

យោងតាមមន្រ្តីក្រសួងបានឱ្យដឹងថា យន្ដហោះនេះបានបាត់បង់កម្ពស់ បន្ទាប់ពីហោះឡើង ហើយបុកចូលអគារកម្ពស់ ២ ជាន់។ មានមនុស្ស ១០០ នាក់នៅលើយន្តហោះ ក្នុងនោះរួមមាន អ្នកដំណើរ ៩៥ នាក់ និងនាវិក ៥ នាក់។

យន្ដហោះ បានធ្វើដំណើរពីទីក្រុង អាល់ម៉ាទី ទៅកាន់រដ្ឋធានី ណឺរស៊ុលតង់ នៃប្រទេសកាហ្សាក់ស្ថាន ប៉ុន្តែបានបាត់ពីរ៉ាដា៕

ប្រែសម្រួលៈ ណៃ តុលា

To Top