ព័ត៌មានអន្តរជាតិ

អាមេរិក នឹងតាមដាន លើសមយុទ្ធ ជើងទឹក រវាង អ៊ីរ៉ង់ – រុស្ស៊ី និងចិន នៅក្នុងមហាសមុទ្រឥណ្ឌា

បរទេស៖ អ្នកនាំពាក្យមន្ទីរ ប៉ង់តាហ្គោនលោក Sean Robertson បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក កំពុងឃ្លាំមើលការធ្វើសមយុទ្ធ ជើងទឹករួមគ្នា រវាងអ៊ីរ៉ង់ – រុស្ស៊ី – ចិន នៅក្នុងមហាសមុទ្រឥណ្ឌា ហើយនឹងសហការជាមួយសម្ព័ន្ធមិត្ត ដើម្បីធានានូវសេរីភាពនាវាចរណ៍។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Sean Robertson បាននិយាយថា «យើងដឹងអំពីសមយុទ្ធពហុភាគី ដែលកំពុងធ្វើឡើងរវាងអ៊ីរ៉ង់ ចិន និងរុស្ស៊ី នៅក្នុងសមុទ្រអារ៉ាប់ ។ យើងកំពុងតាមដានសមយុទ្ធនេះ ហើយនឹងបន្តធ្វើការជាមួយដៃគូ និងសម្ព័ន្ធមិត្តរបស់យើង ដើម្បីធានានូវសេរីភាព នៃការធ្វើនាវាចរណ៍ និងលំហូរពាណិជ្ជកម្មសេរី នៅក្នុងផ្លូវទឹកអន្តរជាតិ»។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយ កាលពីខែតុលាថា ល្បែងសង្គ្រាមត្រីភាគី នឹងបង្កើនការសម្របសម្រួល ប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំង នឹងភេរវករនិងចោរសមុទ្រ។ សមភាគីអ៊ីរ៉ង់ លោក Javad Zarif បានសង្កត់ធ្ងន់ថា សមយុទ្ធនេះនឹងមិនមានគោលបំណងចំពោះភាគីទីបីឡើយ។

សមយុទ្ធរួមគ្នា ដែលមានឈ្មោះថា ខ្សែក្រវ៉ាត់សន្តិសុខសមុទ្រ នឹងចាប់ផ្តើមនៅថ្ងៃទី ២៧ ធ្នូនេះ ។ កងវរសេនាតូចប្រយុទ្ធ នៃកងទ័ពជើងទឹកបាល់ទិករបស់រុស្ស៊ី បានចាកចេញទៅកាន់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីបញ្ចប់សមយុទ្ធ កងនាវាចររុស្ស៊ី – ឥណ្ឌា Indra-2019 កាលពីដើមខែធ្នូ៕

ប្រែសម្រួលៈ ណៃ តុលា

To Top