បរទេស៖ យន្តហោះ Fokker 100 របស់ក្រុមហ៊ុនអាកាសចរណ៍ Bek Air ដែលធ្វើដំណើរពីទីក្រុង អាល់ម៉ាទី ទៅកាន់រដ្ឋធានី Nur-Sultan នៃប្រទេសកាហ្សាក់ស្ថាន ដែលមានមនុស្សជិត ១០០ នាក់នៅលើយន្តហោះ បានធ្លាក់នៅព្រឹកថ្ងៃដដែល បន្ទាប់ពីហោះឡើង។ យ៉ាងណាក៏ដោយ ការសន្និដ្ឋានដំបូង គឺកំហុសពិឡុត ឬបច្ចេកទេស អាចជាមូលហេតុនាំឱ្យយន្តហោះនេះធ្លាក់។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Sputnik ។
ក្រសួងមហាផ្ទៃកាហ្សាក់ស្ថាន បាននិយាយនៅថ្ងៃសុក្រនេះថា មនុស្សសរុប ១២ នាក់បានស្លាប់ និង ៤៩ នាក់បានរងរបួស នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះ នៅជិតទីក្រុង អាល់ម៉ាទី។
សកម្មភាពរបស់ ក្រុមហ៊ុនអាកាសចរណ៍ត្រូវបានផ្អាក ក៏ដូចជាការហោះហើរ របស់យន្តហោះរបស់យន្តហោះ Fokker 100 ស្រដៀងទៅនឹងយន្តហោះ ដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ។
អាកាសយានដ្ឋានអន្តរជាតិអាល់ម៉ាទី បានផ្សព្វផ្សាយបញ្ជីឈ្មោះ អ្នកនៅរស់រានមានជីវិត ៦០ នាក់ ដែលបានទទួលការព្យាបាល។
ប្រធានាធិបតី កាហ្សាក់ស្ថាន គឺលោក Kassym-Jomart Tokayev បានប្រកាស ពីការកាន់ទុក្ខជាតិនៅថ្ងៃទី ២៨ ខែធ្នូបន្ទាប់ពីការធ្លាក់យន្ដហោះដ៏សាហាវ នៅជិតទីក្រុងអាល់ម៉ាទីនេះ៕
ប្រែសម្រួលៈ ណៃ តុលា