ព័ត៌មានអន្តរជាតិ

Breaking News: របាយការណ៍៖ រដ្ឋាភិបាលជប៉ុន យល់ព្រមពង្រាយយោធា ស្វ័យការពារនៅផ្លូវទៅមជ្ឈឹមបូព៌ា លើកដំបូងបំផុត ក្រោយសង្គ្រាមលោកលើកទី២មក

បរទេស៖ រដ្ឋាភិបាលទីក្រុងតូក្យូបានចាប់ផ្តើម សម្តែងការព្រួយបារម្ភ អំពីសន្តិសុខនៅមជ្ឈឹមបូព៌ា បន្ទាប់ពីនាវាដឹកប្រេងមួយគ្រឿងរបស់ខ្លួនត្រូវបានខូចខាត នៅក្នុងការវាយប្រហារមួយ ដែលអាចកើតឡើងក្នុងកំឡុងពេលដំណើរទស្សនកិច្ច ស្វែងរកសន្តិភាពរបស់នាយករដ្ឋមន្រ្តី Shinzo Abe ទៅកាន់ទីក្រុង តេហេរ៉ង់ កាលពីរដូវក្តៅមុន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា គណៈរដ្ឋមន្រ្តីរបស់ជប៉ុន បានអនុម័តចំពោះការដាក់ពង្រាយកងកម្លាំងស្វ័យការពារ ដែនសមុទ្ររបស់ប្រទេសនេះ ទៅកាន់មជ្ឈឹមបូព៌ា ដោយបេសកកម្មនេះត្រូវបាននិយាយថា វាជាប្រភេទទីមួយចាប់តាំងពី ច្បាប់បានពង្រីកសិទ្ធិយោធា ក្នុងការធ្វើប្រតិបត្តិការនៅក្រៅប្រទេស បានចូលជាធរមានកាលពី ៤ ឆ្នាំមុន។ នេះ បើតាមការចេញផ្សាយ របស់សារព័ត៌មាន ក្យូដូ ដោយដកស្រង់ប្រភពរដ្ឋាភិបាល។

ការដាក់ពង្រាយដែលមិនត្រូវការការ យល់ព្រមពីសភាត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលទាំងឧទ្ធម្ភាគចក្រប្រយុទ្ធ និងយន្តហោះល្បាត Lockheed P-3C Orion ជាច្រើនគ្រឿង រួមជាមួយបុគ្គលិកកងទ័ពជើងទឹកប្រហែល ២៦០ នាក់។

យោងតាមប្រភពរបស់ក្យូដូ, ប្រតិបត្ដិការដែលមានមូលដ្ឋាននៅឈូងសមុទ្រអូម៉ង់ និងច្រកសមុទ្រ Bab el-Mandeb នឹងក្លាយជា“ ការស្ទង់មតិនិងការស្រាវជ្រាវ” ដែលមានគោលដៅធានាសន្តិសុខនៅក្នុងផ្លូវសមុទ្រដ៏សំខាន់មួយ ដែលជាការឆ្លងកាត់ ៩០ ភាគរយ នៃប្រេងរបស់ជប៉ុន ដែលមានប្រភពពីមជ្ឈឹមបូព៌ា។

បេសកកម្មនេះមានកម្រិត ក្នុងការការពារកប៉ាល់ដឹកទំនិញ របស់ជប៉ុន ហើយនឹងមិនមានប្រតិបត្ដិការ នៅក្នុងតំបន់ច្រកសមុទ្រ Hormuz ដ៏រសើបឡើយ។ 

យន្តហោះយោធាជប៉ុន ត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់ពង្រាយនិងចាប់ផ្តើមប្រតិបត្តិការនៅខែមករា ដោយនាវាពិឃាតនឹងដាក់ពង្រាយមួយខែក្រោយមកក្នុងខែកុម្ភៈ៕

ប្រែសម្រួលៈ ណៃ តុលា

To Top