បរទេស៖ ដោយថ្កោលទោសការប្រឆាំង របស់ប្រទេសចិនចំពោះតៃវ៉ាន់ ថាមិនសមហេតុផល និងជាទង្វើលាក់ពុតនោះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បាននិយាយនៅថ្ងៃសុក្រម្សិលមិញនេះថា កោះតៃវ៉ាន់ត្រូវការជាបន្ទាន់ ក្នុងការអនុម័តច្បាប់ប្រឆាំងការជ្រៀតជ្រែកដែលបានគ្រោងទុក ដើម្បីប្រឈមមុខនឹងការគម្រាមកំហែងពីប្រទេសចិន។
សេចក្តីព្រាងច្បាប់នោះ គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងមានរយៈពេលមួយឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងអ្វី ដែលមនុស្សជាច្រើននៅតៃវ៉ាន់ មើលឃើញថា ជាការប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការជះឥទ្ធិពលលើនយោបាយ និងដំណើរការលទ្ធិប្រជាធិបតេយ្យ តាមរយៈការផ្តល់មូលនិធិខុសច្បាប់ ដល់អ្នកនយោបាយនិងប្រព័ន្ធផ្សព្វផ្សាយ និងវិធីលាក់កំបាំងផ្សេងៗទៀត។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា លោកស្រប្រធានាធិបតីតៃវ៉ាន់ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំគិតថា ពិតជាមានតម្រូវការ បន្ទាន់នូវច្បាប់ប្រឆាំងការជ្រៀតជ្រែក នៅក្នុងសង្គមតៃវ៉ាន់ ហើយខ្ញុំសង្ឃឹមថា យើងនឹងអាចធ្វើបានយ៉ាងឆាប់បំផុត នៅពេលត្រួតពិនិត្យវារួចហើយ” ៕
ប្រែសម្រួល៖ ប៉ាង កុង