បរទេស៖ នាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យយោធា មានភាពសកម្មបន្ថែមទៀត ក្នុងការដោះស្រាយជាមួយនឹង ព័ត៌មានក្លែងក្លាយតាមប្រព័ន្ធអ៊ីនធឺណេត។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់អ្នកនាំពាក្យក្រសួងការពារជាតិលោក Kongcheep Tantravanich បានថ្លែងបន្ទាប់ពីជំនួប រវាងឧត្តមសេនីយ៍ប្រាយុទ្ធ និងយោធាជាន់ខ្ពស់កាលពីថ្ងៃព្រហស្បតិ៍ថា « ឧត្តមសេនីយ៍ប្រាយុទ្ធ បានបញ្ជាឱ្យបញ្ជាការដ្ឋានក្រសួងការពារជាតិ និងកងកម្លាំងប្រដាប់អាវុធ បង្កើនការឃ្លាំមើល និងពិនិត្យមើលព័ត៌មានក្លែងក្លាយ និងបង្កើនការឆ្លើយតបរបស់ខ្លួន ចំពោះការបំភ្លៃការពិត នៅក្នុងប្រព័ន្ធផ្សព្វផ្សាយតាមអ៊ិនធរណេត ដើម្បីការពារការយល់ច្រឡំ ឬការបំផ្លាញភ្នាក់ងារ និងសង្គមក្នុងវិសាលភាពទូលំទូលាយ» ។
លោក Kongcheep បន្តថា «លោកឧត្តមសេនីយ៍ប្រាយុទ្ធ បានបញ្ជាឱ្យទីភ្នាក់ងារនានា បំភ្លឺព័ត៌មានក្លែងក្លាយ ដើម្បីកុំ ឲ្យ ប្រជាពលរដ្ឋទទួលរងគ្រោះក្នុងជម្លោះ។ ទន្ទឹមនឹងនេះ យើងក៏មានវិធានការផ្លូវច្បាប់ប្រឆាំង នឹងអ្នកដែលបញ្ចេញព័ត៌មានបែបនេះដែរ»។ កាលពីថ្ងៃអង្គារ លោកឧត្តមសេនីយ៍ប្រាយុទ្ធ បាននិយាយថា លោកមានអារម្មណ៍សោកស្តាយ ដែលបានដឹងព័ត៌មានក្លែងក្លាយ ដែលបានមកពីអ្នកនយោបាយម្នាក់ – អ្នកនាំពាក្យគណបក្ស Puea Chat លោកស្រី Ketpreeya Kaewsaenmuang អំពីពន្ធគយ។ លោកនាយករដ្ឋមន្រ្តី មានការព្រួយបារម្ភថា ព័ត៌មានមិនពិតនឹងបង្កផលប៉ះពាល់ អវិជ្ជមានដល់សាធារណជនដែល មិនបានដឹងអំពីភាពជឿជាក់ បាននៃរឿងរ៉ាវទាំងនោះ។
លោកនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិថៃរូបនេះ ក៏បានទទូចដល់ថ្នាក់ដឹកនាំយោធា ឱ្យឃ្លាំមើលយ៉ាងដិតដល់នូវស្ថានភាពនានា ដែលលោកបានអះអាងថា“ មិនមានសន្តិភាព” ៕
ប្រែសម្រួលៈ ណៃ តុលា