បរទេស៖ ប្រទេសវៀតណាមនឹង នាំចូលសាច់ជ្រូកចំនួន ១០០,០០០ តោន ចាប់ពីពេលនេះរហូតដល់ត្រីមាសទី ១ ឆ្នាំ ២០២០ ដើម្បីធានានូវការផ្គត់ផ្គង់គ្រប់គ្រាន់ សម្រាប់រដូវវិស្សមកាល ក្នុងតម្លៃថេរ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Do Thang Hai អនុរដ្ឋមន្រ្តីឧស្សាហកម្មនិងពាណិជ្ជកម្ម ក៏បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរកំពុងស្វែងរក ប្រភពសាច់ជ្រូកក្នុងតម្លៃសមរម្យ ដើម្បីភ្ជាប់ពួកគេជាមួយអ្នកនាំចូលក្នុងស្រុក។
ចំណែកលោកស្រី Nguyen Huynh Trang អនុប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្ម ទីក្រុងហូជីមិញបាននិយាយថា ការផ្គត់ផ្គង់សាច់ជ្រូកក្នុងស្រុក នៅតំបន់ភាគខាងត្បូងបានធ្លាក់ចុះ ៥០ ភាគរយ បើប្រៀបធៀបទៅនឹងដើមឆ្នាំនេះ។
ការធ្លាក់ចុះនេះ បានកើតឡើងបន្ទាប់ពី ការរាតត្បាតជំងឺគ្រុនជ្រូកអាហ្វ្រិក បានផ្ទុះឡើងកាលពីខែកុម្ភៈ និងបានរាលដាលដល់តំបន់ចំនួន ៦៣ ក្នុងប្រទេស ដោយបានសម្លាប់ជីវិតសត្វជ្រូកចំនួន ៥,៩ លានក្បាល។
ខេត្ត Dong Nai ផលិតសាច់ជ្រូកធំបំផុត បានមើលឃើញថា ការផ្គត់ផ្គង់របស់ខ្លួនធ្លាក់ចុះ ៣៤ ភាគរយ ហើយនៅ ខេត្ត Dong Thap បានធ្លាក់ចុះ ៤២ ភាគរយ។
លោកស្រីបាននិយាយថា ការប្រើប្រាស់សាច់ជ្រូកនៅទីក្រុង ហូជីមិញ បានធ្លាក់ចុះ ៣០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែការផ្គត់ផ្គង់ទាប ហើយតម្លៃបានកើនឡើងបីដង ចាប់ពីខែមីនាមក ដល់ជាង ៩០,០០០ ដុង (៣,៩ ដុល្លារ) ក្នុងមួយគីឡូក្រាម នៅពេលបច្ចុប្បន្ននេះ៕
ប្រែសម្រួលៈ ណៃ តុលា