បរទេស៖ អង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ នៅថ្ងៃសុក្រសប្ដាហ៍នេះថា ជនភៀសខ្លួន ចំនួនជាង២៣៥.០០០នាក់ បានរត់ភៀសខ្លួន ចេញពីតំបន់ Idlib ប្រទេសស៊ីរី នៅក្នុងពេលពីរសប្ដាហ៍ ចុងក្រោយនេះ ស្របពេលមាន ការវាយប្រហារធ្វើឡើង ដោយរុស្ស៊ី ទៅលើតំបន់ឈរជើងចុងក្រោយ របស់ពួកបះបោរ ក្នុងប្រទេសស៊ីរី។
ចាប់តាំងពីថ្ងៃទី១៦ ខែធ្នូមក ការវាយប្រហារតាមអាកាស ទៅលើទីក្រុង Ma’arrat An-Nu’man និងទីក្រុង Saraqab នៅក្នុងខេត្ត Idlib ក៏ដូចជាក្រុង និងភូមិនៅក្បែរៗនោះ បានជំរុញឲ្យមានការរត់ភៀសខ្លួនដ៏ធំ នេះបើយោងតាមអ្វី ដែលការិយាល័យ ទទួលបន្ទុក សម្របសម្រួល កិច្ចការមនុស្សធម៌ របស់អង្គការ សហប្រជាជាតិ បាននិយាយ។
គួរបញ្ជាក់ថា បើទោះជាមានបទឈប់បាញ់គ្នា ធ្វើឡើងនៅក្នុងខែសីហាក៏ដោយ ក៏យោធារដ្ឋាភិបាលស៊ីរី គាំទ្រដោយរុស្ស៊ី បានបើកប្រតិបត្តិការ វាយលុកតាមផ្លូវគោក នៅក្នុងខែនេះ ទៅលើកងកម្លាំងប្រឆាំង ក្នុងខេត្ត Idlib ភាគខាងត្បូង ហើយការវាយតម្លៃ របស់អង្គការ សហប្រជាជាតិ បាននិយាយថា ក្រុងនិងភូមិនានា ត្រូវបានកាន់កាប់ ដោយកងទ័ពរដ្ឋាភិបាល និងការប៉ះទង្គិចគ្នា ដោយអាវុធ បានសម្លាប់មនុស្សទាំងសងខាង រាប់ពាន់នាក់៕
ប្រែសម្រួល៖ប៉ាង កុង