ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង អំពាវនាវ ឲ្យអាមេរិក -កូរ៉េខាងជើង ឈានដល់ កិច្ចព្រមព្រៀង​ បណ្ដោះអាសន្ន ក្នុងកិច្ចចរចា នុយក្លេអ៊ែរ

សេអ៊ូល៖ រដ្ឋមន្រ្តីបង្រួបបង្រួម​ លោក Kim Yeon-chul បានអំពាវនាវ ឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ឈានដល់កិច្ចព្រមព្រៀង បណ្ដោះអាសន្នមួយ នៅក្នុងការចរចានុយក្លេអ៊ែរ ដើម្បីរក្សាសន្ទុះ សម្រាប់ការសន្ទនា រស់រានមានជីវិត ស្របពេលមានការព្រួយបារម្ភថា ក្រុងព្យុងយ៉ាង អាចនឹងវិលត្រឡប់ ទៅរកបញ្ហាបង្កហេតុ នៅឆ្នាំក្រោយ។

លោករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទកាសែតមួយ នៅទីក្រុងសេអ៊ូល ខណៈដែលកូរ៉េខាងជើង គ្រោងនឹងបើកកិច្ចប្រជុំពេញអង្គ របស់គណបក្សពលករ ដែលកំពុងកាន់អំណាច នៅចុងខែនេះ ដើម្បីសម្រេចចិត្តលើ “បញ្ហាសំខាន់ៗ” ដែលជំរុញឱ្យមាន ការរំពឹងថាការផ្លាស់ប្តូរ គោលនយោបាយដ៏ធំមួយ ទាក់ទងនឹងការ ពិភាក្សាអំពីការរំសាយ អាវុធនុយក្លេអ៊ែរ អាចនឹងកើតឡើង នាពេលខាងមុខ។

លោកគីម បានឲ្យដឹងថា “ដើម្បីរក្សាស្ថានការណ៍​ ពីភាពយ៉ាប់យ៉ឺន និងធ្វើឱ្យសន្ទុះឡើងវិញ សម្រាប់ការចរចារយើង ត្រូវការកិច្ចព្រមព្រៀង បណ្តោះអាសន្ន ដែលជាការបោះជំហានទៅមុខ ឆ្ពោះទៅរកកិច្ចព្រមព្រៀង ចុងក្រោយ “៕
ដោយ៖ ឈូក បូរ៉ា

To Top