ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមានចិន ប្រឆាំងនឹងការបង្ខិតបង្ខំ កោះតៃវ៉ាន់ បន្ទាប់ពីនាវាដឹកយន្តហោះ ក្រុងប៉េកាំង បើកឆ្លងកាត់

បរទេស៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានចេញការព្រមានមួយ ទៅកាន់រដ្ឋាភិបាល ទីក្រុងប៉េកាំង និង បានអំពាវនាវ ឱ្យរដ្ឋាភិបាលនេះចូលរួម ក្នុងកិច្ចពិភាក្សា ជាមួយរដ្ឋាភិបាល ទីក្រុងតៃប៉ិ បន្ទាប់ពីការឆ្លងកាត់ នាវាដឹកយន្តហោះថ្មីបំផុត របស់កងទ័ពជើងទឹក របស់កងទ័ពរំដោះប្រជាជនចិន តាមរយៈច្រកសមុទ្រតៃវ៉ាន់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា រយៈពេលជិត ២ សប្តាហ៍ទៀតពីការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី របស់កោះតៃវ៉ាន់ នាវាដឹកយន្តហោះ ដែលសាងសង់ ក្នុងស្រុកដំបូងគេ របស់ប្រទេសចិន និងនាវាចម្បាំង ជាច្រើនគ្រឿង បានធ្វើដំណើរឆ្ពោះទៅ ភាគខាងជើង ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមក្រសួង ការពារជាតិតៃវ៉ាន់។

រដ្ឋមន្រ្តីក្រសួងការបរទេសតៃវ៉ាន់ លោក Joseph Wu បាននិយាយ នៅក្នុងការធ្វីតធើរមួយ ទាក់ទងនឹងបញ្ហានេះថា “ ការគំរាមកំហែងខាងយោធាដូចនេះ គ្រាន់តែធ្វើរឹងមាំ ចំពោះការប្តេជ្ញាចិត្ត របស់កោះតៃវ៉ាន់ ក្នុងការការពារខ្លួន និងការពារសន្តិភាព និងស្ថេរភាព ក្នុងតំបន់” ។

ការបញ្ជូននាវាទាំងនោះ ត្រូវបានប្រកាស ដោយរដ្ឋាភិបាលចិន ជាច្រើនសប្តាហ៍ជាមុន ដែលមិនត្រឹមតែបង្ក ឱ្យមានប្រតិកម្មអវិជ្ជមាន ពីមន្ត្រីរដ្ឋាភិបាលតៃវ៉ាន់ ប៉ុណ្ណោះទេ គឺថែមទាំងបានជំរុញ ឱ្យក្រសួងការបរទេសអាមេរិក ចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃសុក្រនេះ (ពេលវេលានៅអាមេរិក) ដោយអំពាវនាវ ឱ្យប្រទេសចិន “ជៀសវាងពីការបង្ខិតបង្ខំ ដែលអាចបង្កអន្តរាយដល់ សន្តិសុខ ឬប្រព័ន្ធសង្គម ឬសេដ្ឋកិច្ចរបស់ប្រជាជន នៅកោះតៃវ៉ាន់” ។

រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន បានចេញសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសន្តិភាព និងស្ថិរភាព ឆ្លងកាត់សមុទ្រ។ កោះតៃវ៉ាន់គឺជាដៃគូ ដែលអាចទុកចិត្តបាន ជាគំរូនៃលទ្ធិប្រជាធិបតេយ្យ និងជាកម្លាំងមួយ សម្រាប់ភាពល្អ នៅក្នុងពិភពលោក។ យើងលើកទឹកចិត្តឱ្យអាជ្ញាធរ នៅទីក្រុងប៉េកាំង និងតៃប៉ិ ចូលរួមការសន្ទនា ប្រកបដោយការស្ថាបនា ដែលស្វែងរកដំណោះស្រាយ ដោយសន្តិវិធី នៃភាពខុសគ្នា ដែលអាចទទួលយកបាន សម្រាប់ប្រជាជន នៃភាគីទាំងពីរ នៃច្រកសមុទ្រតៃវ៉ាន់។

ប្រទេសចិនបានអះអាងថា ខ្លួនចាត់ទុកកោះតៃវ៉ាន់ ជាទឹកដីរបស់ខ្លួន និងរក្សាសិទ្ធិ ក្នុងការបង្រួបបង្រួមឡើងវិញ ជាមួយដីគោក។

ការដោះដូរបានកើតឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីចិន លោកស៊ីជីនពីង បានស្តីបន្ទោស ការលើកឡើងថ្មីៗ របស់សហរដ្ឋអាមេរិក ទៅលើកោះតៃវ៉ាន់ ហុងកុង តំបន់ ស៊ីនជាំង និងទីបេ ហើយអះអាង ពាក្យសម្ដីរបស់អាមេរិកថា ជាការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់ចិន ធ្វើឱ្យអន្តរាយ ដល់ផលប្រយោជន៍ របស់ចិន និងមិនស្របតាមជំនឿទុកចិត្តគ្នា ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ៕
ប្រែសម្រួលៈ ណៃ តុលា

To Top