ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីយុត្តិធម៌ថៃ គាំទ្រចំពោះការអំពាវនាវ ឱ្យក្រៀវជនល្មើស ករណីចាប់រំលោភ

បរទេស៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក Somsak Thepsutin កាលពីថ្ងៃសុក្រ បានសម្តែងការគាំទ្រ ចំពោះការអំពាវនាវ ឱ្យមានច្បាប់មួយ ដែលនឹងបង្ខំឱ្យអ្នកដែល ប្រព្រឹត្តអំពើរំលោភសេពសន្ថវៈ ឆ្លងកាត់ការចាក់សារធាតុគីមី ឬក្រៀវ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ការអំពាវនាវនេះ ត្រូវបានធ្វើឡើង ដោយសមាជិកសភា នៃគណបក្សប្រជាធិបតេយ្យ ក្នុងខេត្ត Samut Songkhram គឺលោកស្រី Rangsima Rodrasmi នៅក្នុងសភាតំណាងរាស្ត្រ កាលពីថ្ងៃព្រហស្បតិ៍ ខណៈលោកស្រី បានលើកឡើង ពីប្រធានបទ នៃអំពើហឹង្សាផ្លូវភេទ ប្រឆាំងនឹងស្ត្រីកុមារ និងមនុស្សចាស់។

លោកស្រី Rangsima បានណែនាំថា មនុស្សអាចត្រូវបាន ការពារពីបទឧក្រិដ្ឋផ្លូវភេទ នៅពេលដែលច្បាប់ ត្រូវបានអនុម័ត ដែលតម្រូវឱ្យពិរុទ្ធជនផ្លូវភេទ ឆ្លងកាត់ការវះ ឬដោយ គីមី ឬ ក៏វះកាត់។ សភាបានបង្កើត គណៈកម្មាធិការ វិសាមញ្ញមួយ ដើម្បីសិក្សាពីវិធានការនានា ដើម្បីការពារឧក្រិដ្ឋកម្មផ្លូវភេទ។

ប្រតិកម្មទៅនឹងសំណើនេះ លោក Somsak បាននិយាយថា ប្រសិនបើ មតិភាគច្រើនយល់ព្រម ពួកគេគួរតែធ្វើសេចក្តីព្រាងច្បាប់ ដោយកត់សម្គាល់ថា ប្រសិនបើសាធារណជន គាំទ្រច្បាប់នេះ វានឹងមិនពិបាក ក្នុងការជំរុញនោះទេ។ លោកបានបន្ថែមថា ក្រសួងបានត្រៀមខ្លួន រួចជាស្រេច ដើម្បីចូលរួមកម្លាំង ក្នុងការជំរុញសេចក្តីព្រាងច្បាប់ ដែលសំដៅលើកកម្ពស់ សុវត្ថិភាពសាធារណៈ។

សំណើក្រៀវជន ដែលចាប់រំលោភនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីឃាតករ ដែលបានសម្លាប់មនុស្សច្រើនឈ្មោះ Somkid Pumpuang បានសម្លាប់ស្ត្រីអាយុ ៥១ ឆ្នាំ បន្ទាប់ពីជននេះ ត្រូវបានដោះលែង ពីពន្ធនាគារ កាលពីថ្ងៃទី ២៧ ខែឧសភា។ ទោះបីជាត្រូវបាន កាត់ទោសអស់មួយជីវិត កាលពីឆ្នាំ ២០០៥ ពីបទសម្លាប់ស្ត្រី ៥នាក់ ក៏ដោយ ក៏លោក Somkid បានរួចខ្លួន បន្ទាប់ពីជាប់ពន្ធនាគារ ១៤ឆ្នាំ៕
ប្រែសម្រួលៈ ណៃ តុលា

To Top