បរទេស: កាលពីថ្ងៃសុក្រទី២៧ ខែធ្នូ ក្រុមរដ្ឋអ៊ីស្លាម បានបញ្ចេញវីដេអូមួយ ដែលបង្ហាញពី សកម្មភាពរបស់ពួកគេ កាត់ក្បាលបុរស ដែលជឿជាក់ថា ជាអ្នកកាន់សាសនាគ្រិស្ត សរុប១០នាក់ នៅក្នុងប្រទេសនេហ្ស៊ីរីយ៉ា ដោយនិយាយថា វាជាផ្នែកមួយ នៃយុទ្ធនាការ ដើម្បីសងសឹកការស្លាប់ របស់មេដឹកនាំ អាប៊ូបាក់អាល់ បាកដាឌី និងអ្នកនាំពាក្យរបស់ខ្លួន នាពេលកន្លងមក។
ក្រុមសកម្មប្រយុទ្ធបានបង្ហោះវីដេអូ នៅលើបណ្តាញសង្គមយក្សមួយ ដែលស្គាល់ឈ្មោះថា Telegram របស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍មួយថ្ងៃ បន្ទាប់ពីបុណ្យណូអែល ដោយមានចំណងជើង ជាភាសាអារ៉ាប់ ប៉ុន្តែគ្មានសំលេងឡើយ។
តាមរយៈខ្សែវីដេអូនោះ បានបង្ហាញពីសកម្មភាព របស់បុរស ក្នុងឯកសណ្ឋាន ពណ៌រាងត្នោតខ្ចី និងរបាំងខ្មៅ ឈរនៅពីក្រោយ ក្រុមអ្នកដែលត្រូវបិទបាំងភ្នែក និងបន្ទាប់មកបានធ្វើការកាត់ក្បាលពួកគេ ទាំង១០នាក់ ហើយបាញ់សម្លាប់ បុរសទី១១ ។
គួរឲ្យដឹងដែរថា ខ្សែវិដេអូមុននេះ បន្តដែលត្រូវបានឃើញ ដោយទីភ្នាក់ងារ សារព័ត៌មានរ៉យទ័រ បាននិយាយថា ក្រុមអ្នកដែលត្រូវបានចាប់ខ្លួន ត្រូវបានគេយកមកពី តំបន់ Maiduguri និង Damaturu ក្នុងរដ្ឋ Borno ភាគឥសាន របស់ប្រទេសនេហ្ស៊ីរីយ៉ា ជាកន្លែងដែលពួកសកម្មប្រយុទ្ធ បានប្រយុទ្ធអស់ជាច្រើនឆ្នាំ ដើម្បីបង្កើតរដ្ឋអ៊ីស្លាម ដាច់ដោយឡែកមួយ៕ ប្រែសម្រួល:ស៊ុនលី