បរទេស: ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូបានឲ្យដឹងថា យ៉ាងហោចណាស់ មានមនុស្សកើនដល់ ៧៦នាក់ហើយ ដែលត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិតដោយសារតែគ្រាប់បែកដែលត្រូវបានគេរក្សាទុក ក្នុងរថយន្តមួយគ្រឿង ដែលស្ថិតនៅចំកណ្តាលរដ្ឋធានីនៃ ប្រទេសសុម៉ាលីក្នុងពេលដែល ចរាចរណ៍កំពុងមានភាពមមាញឹកខ្លាំងបំផុត។
ការផ្ទុះនេះបានកើតឡើង នៅចំណុចត្រួតពិនិត្យមួយ នៅចំនុចប្រសព្វដ៏មមាញឹកមួយ នៅក្នុងទីក្រុង Mogadishu។ វេជ្ជបណ្ឌិត Mohamed Yusuf នាយកមន្ទីរពេទ្យ Madina បានប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថាពួកគេបានទទួលសាកសពចំនួន ៧៣ហើយអះអាងដែរថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងអាចមានចំនួនកើនឡើង ជាងនេះផងដែរ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវ ចំពោះគ្រាប់បែកនេះនៅឡើយទេប៉ុន្តែក្រុមសកម្មប្រយុទ្ធ al-Shabab តែងតែធ្វើការវាយប្រហារនៅទីនេះ។ al-Shabab ដែលជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាម និងជាសម្ព័ន្ធមិត្តនិងអាល់កៃដា បានប្រតិកម្មអស់រយៈពេលជាង ១០ឆ្នាំមកហើយ៕
ប្រែសម្រួល: ស៊ុន លី