បរទេស៖ យោងទៅតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង កំពុងតែពង្រីកតំបន់សេដ្ឋកិច្ចសេរីនានា ដើម្បីទាក់ទាញវិនិយោគទុកបរទេស និងអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា សម្រាប់ទីក្រុងវៃឆ្លាត នាពេលអនាគត។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង ឈ្មោះ យុនហាប់ បានរាយការណ៍នៅថ្ងៃសុក្រម្សិលមិញនេះថា ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់ ប្រទេសកូរ៉េខាងត្បូង បានកំណត់យកទីក្រុងចំនួន៣ គឺទីក្រុង Gwangju ទីក្រុង Ulsan និងទីក្រុង Siheung ជាទីតាំងនៃតំបន់សេដ្ឋកិច្ចសេរីថ្មី។
គួរបញ្ជាក់ថា តំបន់សេដ្ឋកិច្ចសេរីនៅក្នុងប្រទេសកូរ៉េ ជាញឹកញាប់ មានរួមបញ្ចូលទាំងការអនុគ្រោះពន្ធសម្រាប់ក្រុមហ៊ុនបរទេស និងជនជាតិបរទេស ហើយនោះគឺមានគោលដៅលើកកម្ពស់ការអភិវឌ្ឍក្នុងតំបន់យ៉ាងមានតុល្យភាពក្នុងប្រទេស៕
ប្រែសម្រួល៖ ប៉ាង កុង