វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក Robert O’Brien បានព្រមានប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យថាសហរដ្ឋអាមេរិកមាន “ឧបករណ៍ជាច្រើន នៅក្នុងប្រអប់ឧបករណ៍របស់ខ្លួន” ដើម្បីឆ្លើយតបទៅនឹងការញុះញង់ ដ៏ធំណាមួយពីកូរ៉េខាងជេីង ហើយនឹងប្រើវាដើម្បីបង្ហាញ ពីការខកចិត្តរបស់ខ្លួន។
លោក O’Brien បានធ្វើអត្ថាធិប្បាយ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអេប៊ីស៊ី ចំពេលមានការព្រួយបារម្ភថាកូរ៉េខាងជើង អាចនឹងត្រៀមបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប ដើម្បីបង្ហាញពីការមិនសប្បាយចិត្ត ចំពោះកិច្ចចរចានុយក្លេអ៊ែរ ដែលជាប់គាំងជាមួយសហរដ្ឋអាមេរិក។
របបកូរ៉េខាងជើង បានកំណត់ពេលចុងឆ្នាំនេះថា ជាថ្ងៃកំណត់ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ត្រូវផ្តល់សម្បទានក្នុងកិច្ចពិភាក្សារបស់ពួកគេ និងបានគំរាមប្រើមធ្យោបាយថ្មីមួយ លើកលែងតែការទាមទាររបស់ខ្លួន សម្រាប់ការបន្ធូរបន្ថយទណ្ឌកម្ម និងការធានាសន្តិសុខត្រូវបានឆ្លើយតប៕
ដោយ ឈូក បូរ៉ា