បរទេស៖ នៅសង្កាត់ចំនួន ៧ ក្នុងចំណោមសង្កាត់ទាំង ៩ របស់រដ្ឋ Victoria ក្នុងប្រទេស អូស្រ្តាលី ត្រូវបានរងគ្រោះថ្នាក់ ដោយភ្លើងឆេះព្រៃ ដែលកំពុងធ្វើដំណើរឆ្ពោះ ទៅផ្លូវធំរបស់រដ្ឋ គឺផ្លូវ Princes Highway។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាម ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា អ្នកស្រុកនិងភ្ញៀវទេសចរប្រមាណ ៣ម៉ឺនាក់ នៅតំបន់ East Gippsland ត្រូវបានគេប្រាប់អោយចាកចេញពីតំបន់នេះ ដោយសារសីតុណ្ហភាពនិងខ្យល់បក់ខ្លាំង ធ្វើឱ្យឆេះព្រៃយ៉ាងខ្លាំងនៅរដ្ឋ Victoria ។
វិធានការជម្លៀសប្រជាជន បានធ្វើឡើងនៅមុនថ្ងៃប្រារព្ធ ពិធីបាញ់កាំជ្រួចដ៏ល្បីដែលទាក់ទាញ ការចាប់អារម្មណ៍របស់មនុស្សរាប់សែននាក់ នៅទីក្រុង Sydney រដ្ឋ New South Wales ដោយអាជ្ញាធរនិយាយថា ព្រឹត្តិការណ៍នេះនឹងត្រូវ ធ្វើឡើងតាមការគ្រោងទុក។ ទីក្រុង Sydney កំពុងប្រឈមនឹងផ្សែង ដែលមានគ្រោះថ្នាក់ដោយ ភ្លើងឆេះព្រៃ។
សូមជម្រាបផងដែរថា ចាប់តាំងពីដើមខែវិច្ឆិកាមក ប្រទេស អូស្ត្រាលីត្រូវបានរញ្ជួយដោយគ្រោះធម្មជាតិភ្លើងឆេះព្រៃ យ៉ាងខ្លាំងដែលបណ្តាល ឲ្យមនុស្ស ៩ នាក់ស្លាប់។ យោងតាមរបាយការណ៍ជាច្រើន គឺយ៉ាងហោចណាស់ផ្ទៃដីចំនួន ៣ លានហិកតា និងផ្ទះប្រមាណ ៧០០ ខ្នងត្រូវបានដុតបំផ្លាញក្នុងរយៈ ពេលប៉ុន្មានខែចុងក្រោយនេះ៕
ប្រែសម្រួលៈ ណៃ តុលា